កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាថ្មីមួយរបស់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

17584

រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខថ្កោសទោសការធ្វើសមយុទ្ធយោធារួមគ្នាថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា វាផ្ទុយពីកិច្ចប្រឹងប្រែងដើម្បីឆ្ពោះទៅរកការកសាងសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា សកម្មភាពគួរឲ្យសង្ស័យរបស់យោធាអាមេរិក និងកូរ៉េខាងត្បូង គឺជាការរំលោភលើសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងសេក្តីប្រកាសកូរ៉េខាងត្បូង-កូរ៉េខាងជើង ដែលបានប្តេជ្ញារួមគ្នាឆ្ពោះទៅរកការបញ្ចប់សកម្មភាពបង្កហេតុនានា និងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ។

សូមរំលឹកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូលកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានឯកភាពគ្នាយកការធ្វើសមយុទ្ធយោធាថ្មីមានឈ្មោះថា Dong Maeng (Alliance) ដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ជំនួសឲ្យសមយុទ្ធទ្រង់ទ្រាយធំចំនួន ២ គឺ Foal Eagle និង Key Resolve ដែលតែងប្រារព្ធឡើងរួមគ្នា ក្នុងចន្លោះខែមីនា និងខែមេសា ជារៀងរាល់ឆ្នាំ ខណៈការសម្រេចចិត្តនេះ គឺដើម្បីបន្តបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី