អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ជម្រុញឱ្យក្លឹប និងសមាគម បង្កើតក្រុមបាល់ទឹកឱ្យបាន

19210
  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានជំរុញអោយក្លឹប និងសមាគមទាំងអស់បង្កើតក្រុមបាល់ទឹកអោយបាន ដើម្បីជំរុញវិញ្ញាសាថ្មីមួយនេះ អោយមានការផុសផុល និងបង្កើនសក្តានុពល ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខ ការថ្លែងបែបនេះធ្វើឡើងក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

    វគ្គបណ្តុះបណ្តាលនេះ ទទួលបានការជួយឧបត្ថម្ភទាំងស្រុង ពីសហព័ន្ធកីឡាហែលទឹក អន្តរជាតិ មានសិក្ខាកាមចំនួន ២០ រូបចូលរួម មកសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និងសៀមរាប និងមានគ្រូឧទ្ទេសសញ្ជាតិជាតិ គុយ បា គឺលោក Alexander dela Celda Brokina សិក្សាលើទ្រឹស្ដី និងអនុវត្តន៍ផ្ទាល់ ។ លោក Alexander dela Celda Brokina ដែលជាគ្រូឧទ្ទេស បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ គឺមានការយកចិត្តទុកដាក់ចំពោះវគ្គនេះ ហើយលោកសង្ឃឹមថា ពួកគេនឹងយកចំណេះដឹងពីវគ្គនេះ ទៅចែករំលែកដល់ក្លឹប និងសមាគមន៍របស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ អោយទទួលបានជោគជ័យ ។

    លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លឹបរបស់ខ្លួន ទៅតាមអនុសាសាន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីត្រៀមការប្រកួតនានា ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បញ្ជាក់ថា ឆ្នាំនេះ នឹងរៀបចំអោយមានការប្រកួតបាល់ទឹក ជាលើកដំបូងនៅកម្ពុជា ដោយបច្ចុប្បន្ននេះ សហព័ន្ធបានបង្កើតបាន ២​ ក្រុមហើយ គឺនៅរាជធានីភ្នំពេញមួយក្រុម និងនៅខេត្តកំពង់ចាមមួយក្រុម ។
    គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក សិក្សារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ ៧ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចំនួន ២០ រូបចូលរួម ជាលទ្ធផលបន្ទាប់ពីការធ្វើតេស្ត សិក្ខាកាម ទទួលនិទ្ទេសល្អ ចំនួន ៨៥% និង និទ្ទេសមធ្យម ១៥% ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី