ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្តេជ្ញាសាងសង់ទីលានបាល់ទាត់សាលាតម្រង់ទិសស្ដង់ដាទូទាំងប្រទេសឱ្យរួចរាល់ក្នុងឆ្នាំ ២០១៩ នេះ

6558

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានប្រកាសនឹងបញ្ចប់គម្រោងសាងសង់ទីលានសាលាតម្រង់ទិសតាមខេត្ត ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីទីលានតម្រង់ទិសតាមវិទ្យាល័យចំនួន ៤ ខេត្ត បានបញ្ចប់ការសាងសង់ និងកំពុងដំណើរការប្រើប្រាស់ រួមមានខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ។

ការប្ដេជ្ញារបស់ឯកឧត្តម បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅ ឆ្នាំ ២០១៩ នៅសណ្ឋាហ្គាឌិនស៊ីធី នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ ។ ឯកឧត្តមបញ្ជាក់ថា ក្រោយសហព័ន្ធដាក់ចេញនូវផែនការអភិវឌ្ឍសាលាតម្រង់ទិសទូទាំងរាជធានីខេត្ត កាលឆ្នាំ ២០១៧ បច្ចុប្បន្នសហព័ន្ធបានបញ្ចប់គម្រោង ៤ ខេត្តហើយ តែនៅសល់ប៉ុន្មានខេត្ត សហព័ន្ធនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតចុងឆ្នាំ ២០១៩ នេះ ។

ឯកឧត្តម សៅ សុខា បន្តថា បច្ចុប្បន្នមានខេត្តចំនួន ៦ ដែលសហព័ន្ធដំណើរការសាងសង់ទីលានសាលាតម្រង់ទិស រួមមានខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង ។ ចំណែកខេត្តកំពុងដំណើរការឯកសារ ត្រៀមបន្ដការសាងសង់ រួមមានខេត្តតាកែវ, បាត់ដំបង, ពោធិសាត់, ព្រៃវែង និងខេត្តកំពង់ស្ពឺ ស្របពេលស្ទង់ចំណាយសម្រាប់សាងសង់ទីលានស្ដង់ដារឲ្យបានគ្រប់ខេត្តក្នុងឆ្នាំ ២០១៩ នេះ គឺមានទំហំទឹកប្រាក់ប្រមាណ ១,៧៤៤,៣៩៥ ដុល្លារ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី