ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» បានសម្ពោធដាក់បញ្ចាំងជាផ្លូវការ

13623

ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ដោយចំណាយថវិកាផលិតប្រមាណជា ៣០ ម៉ឺនដុល្លា បានសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ នៅរោងកុនផ្សារទំនើបអ៊ីអនទី ១ ក្រោយចំណាយពេលផលិតជិត ២ ឆ្នាំ ។

ពិធីសម្ពោធនេះ បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ភាពយន្ដនេះ បានឆ្លុះបញ្ចាំងពីជីវិតតស៊ូជាក់ស្ដែងរបស់គ្រួសារកីឡាការិនី នី សំណាង ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ ២០១៣ ដែលជាការសម្រេចក្ដីសុបិន្តរបស់ឪពុកខ្លួន តាមរយៈការលេងកីឡាចំបាប់ ។ រីឯតួអង្គចូលរួមសម្ដែង សុទ្ធសឹងតែអ្នកកីឡា និងអ្នកពាក់ព័ន្ធ មិនមានតារាអាជីពចូលរួមនោះទេ តែលោករំពឹងយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រខ្សែភាពបោកចំបាប់នេះ ព្រោះជាភាពយន្ដបែបឯកសារ និងបង្គ្រប់ដោយអត្ថន័យអប់រំជាច្រើនក្នុងសាច់រឿង ។

ឯកឧត្តម អគ្គលេខាធិការ បន្តថា៖ ” នេះគឺជាភាពយន្ដកីឡាដំបូងរបស់កម្ពុជា ដោយលើកយកជីវិតពិតរបស់លោក នុត នី ឪពុកបង្កើតរបស់ នី សំណាង មកថតជារឿង ។ លោក នុត និ ជាកីឡាករចំបាប់ជម្រើសជាតិ កាលពីទសវត្សរ៍ទី ៦០ តែដោយមិនទាន់សម្រេចក្ដីស្រសុបិនដណ្ដើមមេដាយជូនជាតិ ព្រោះភ្លើងសង្គ្រាម និងត្រូវពិការភ្នែកម្ខាង លោកបានរក្សាក្ដីសុបិន ដោយប្ដេជ្ញាបង្ហាត់កូនៗខ្លួនឲ្យបន្ដវេន ហើយទីបំផុសលោកបានសម្រេចក៏បានក្ដីបំណង បន្ទាប់ពីកូនស្រីទី ៤ គឺ នី សំណាង ដណ្ដើមបានមេដាយមាសស៊ីហ្គេមកាលពីឆ្នាំ ២០១៣ ” ។

គួរបញ្ជាក់ថា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» គឺដឹកនាំផលិតដោយលោក Manish Sharma សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបានចំណាយអស់ថវិកាប្រមាណ ៣០ ម៉ឺនដុល្លារ ។ បន្ទាប់ពីសម្ពោធជាផ្លូវការ ខ្សែភាពយន្ដនេះ នឹងត្រូវដាក់បញ្ចាំងតាមរោងកុនធំៗទូទាំងប្រទេស ។ ហើយ ៣ ខែក្រោយ លោក Manish Sharma គម្រោងនាំយករឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» នេះទៅដាក់បញ្ចាំងនៅសិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ និងប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ាន និងបន្ដផ្សព្វផ្សាយទៅកាន់ប្រទេសនៅអឺរ៉ុបនាពេលខាងមុខផងដែរ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី