អឺរ៉ុប សម្រេចផ្អាកការហោះហើរយន្តហោះអាមេរិក Boeing 737 MAX ក្រោយធ្លាក់ ២ លើកត្រឹមរយះពេល ៥ ខែ

16990

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិលសហភាពអឺរ៉ុប បានប្រកាសផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៩ នេះ ។

ការសម្រេចចិត្តខាងលើធ្វើឡើង ក្រោយយន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ ជាលើកទី ២ ក្នុងរយៈពេលតែជាង ៥ ខែប៉ុណ្ណោះ ។ យន្ដហោះប្រភេទនេះដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ធ្លាក់នៅក្នុងសមុទ្រ ប្រទេសឥណ្ឌូណេស៊ីផ្ដាច់ជីវិតមនុស្ស ១៨៩ នាក់កាលពីខែតុលា ឆ្នាំ ២០១៨ ។ ថ្មីៗនេះ យន្ដហោះ Boeing 737 MAX 8 មានលេខជើងហោះហើរ ៣០២ របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងបានបន្តិចចេញពីរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សនៅលើនោះទាំងអស់ ១៥៧ នាក់ ។

សូមបញ្ជាក់ថា ក្រៅពីអឺរ៉ុប ក៏មាន ឥណ្ឌា សិង្ហបុរី អូស្ត្រាលី ម៉ាឡេស៊ី ចិន អូម៉ង់ ឥណ្ឌូណេស៊ី អេត្យូពី ម៉ារ៉ុក ម៉ង់ហ្គាលី សុទ្ធតែប្រកាសផ្អាករាល់ប្រតិបត្តិការយន្ដហោះត្រកូល Boeing 737 MAX ខណៈសហរដ្ឋអាមេរិក និងកាណាដា នៅតែប្រតិបត្តិការយន្ដហោះប្រភេទនេះនៅឡើយ ហើយមកទល់នឹងពេលនេះ មូលហេតុធ្លាក់ យន្ដហោះពិតប្រាកដនៅអេត្យូពី ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី