សហគមន៍អឺរ៉ុប ប្រកាសពីផែនការ ដើម្បីធ្វើឲ្យមានតុល្យភាពជាមួយចិនឡើងវិញ

10737

សហគមអឺរ៉ុប កាលពីថ្ងៃអង្គារទី ១២ មីនា ម្សិលមិញបានកំណត់ដាក់ចេញផែនការ ១០ ចំណុច ក្នុងគោលដៅធ្វើឲ្យមានតុល្យភាពឡើងវិញ ជាមួយប្រទេសចិន ខណៈដែលមានការព្រួយបារម្ភពីការវិនិយោគរបស់ចិន និងឥទ្ធិពលនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានទាំងបច្ចេកវិទ្យាគមនាគមថ្មីៗដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia ។

មេដឹកនាំអឺរ៉ុបនឹងត្រូវស្នើឲ្យចុះហត្ថលេខាលើសំណើនានា នៅពេលពួកគាត់ចូលរួមកិច្ចប្រជុំមួយ នៅប្រទេសប៊ែលហ្ស៊ី នាសប្តាហ៍ក្រោយ ដោយមន្ត្រីជាន់ខ្ពស់ជំរុញឲ្យពួកគេចាត់វិធានការ ការពារតម្លៃនិងស្តង់ដា របស់អឺរ៉ុប ព្រមានថា ចិនគឺជាគូប្រជែងមួយ តែក៏ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុប ។ ការប្រកាសដាក់ចេញផែនការនេះធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិកបានជំរុញដល់បណ្តាប្រទេសជាសម្ព័ន្ធក្នុងប្លុកអឺរ៉ុប បោះបង់ចោលផែនការប្រើប្រាស់ទូរស័ព្ទចិន Huawei ក្នុងគម្រោងទូរគមនាគម ជាពិសេស ប្រព័ន្ធអ៊ីនធឺណេតជំនាន់ទី ៥ ឬ 5G ដោយអាមេរិកចាត់ទុកថា ជាចារកម្មរបស់ចិន ។ អឺរ៉ុបកាលពីខែមុន ក៏បានដាក់ចេញជំហានធំៗ ជាការរឹតបន្តឹងលើការងារពិនិត្យ គ្រប់គ្រងបរទេស ក្នុងនោះ ប្រធានគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstroem ទទួលស្គាល់ថា គ្មានអាថ៌កំបាំងទេ អំពីកង្វល់លើប្រទេសចិន ។

សូមបញ្ជាក់ផងដែរថា ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន មានតម្លៃច្រើនជាង ១ ពាន់លានអឺរ៉ូ ក្នុងមួយថ្ងៃៗ ប៉ុន្តែអឺរ៉ុបថា ចាំបាច់ឲ្យមានលក្ខណទៅវិញទៅមក និងមានតុល្យភាពបន្ថែមទៀត និងទំនាក់ទំនងសេដ្ឋកិច្ច ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី