មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្មអាមេរិកអះអាងថា អាមេរិកនិងចិន ជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយហើយ

4817

តំណាងពាណិជ្ជកម្មអាមេរិកលោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ នៅថ្ងៃអង្គារ៍នេះ បានប្រាប់គណៈកម្មាធិការហរិញ្ញវត្ថុនៃព្រឹទ្ធសភាថា សហរដ្ឋអាមេរិក និងចិនកំពុងឈានជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយហើយ ហើយថា ក្តីសង្ឃឹមរបស់យើងកំពុងស្ថិតនៅសប្តាហ៍ចុងក្រោយ នៃដំណើរការចរចាពាណិជ្ជកម្មថ្មីមួយ ។

ប៉ុន្តែជាមួយគ្នានេះ លោកបានអះអាងដែរថា នៅមានបញ្ហាសំខាន់ៗមួយចំនួនទៀតចាំបាច់ត្រូវដោះស្រាយ ហើយថា នៅពេលនេះ យើងមិនទាន់អាចព្យាករណ៍អំពីភាពជោគជ័យនេះបានទេ ប៉ុន្តែយើងកំពុងធ្វើការយ៉ាងសស្រាក់សស្រ្តាំ ។ លោកបានបង្ហើបថា សហរដ្ឋអាមេរិកនឹងទទូចថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនឹងបញ្ចូលបទបញ្ញត្តិការពង្រឹងច្បាប់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតំឡើងពន្ធគយឡើងវិញ ប្រសិនបើចិនរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងគ្នា ។ តំណាងពាណិជ្ជកម្មអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា យើងនឹងមានកិច្ចព្រមព្រៀងពង្រឹងច្បាប់មួយ បើមិនដូច្នេះទេ លោកប្រធានាធិបតីនឹងមិនយល់ព្រមឡើយ ។

សូមរំលឹកថា កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមានជំនឿថា សហរដ្ឋអាមេរិកអាចបង្កើតកិច្ចព្រមព្រៀងមួយជាមួយនឹងចិន ប៉ុន្តែលោកថា ប្រសិនបើវាមិនមានជាកិច្ចព្រមព្រៀងល្អទេ នោះលោកនឹងមិនយល់ព្រមជាដាច់ខាត ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី