ក្រុមហ៊ុន Boeing របស់អាមេរិក ប្រឈមនឹងការខាតបង់ប្រាក់ ៥.១ ពាន់លានដុល្លារ ក្រោយករណីធ្លាក់យន្តហោះនៅអេត្យូពី

11662

ក្រុមហ៊ុន Boeing របស់អាមេរិក អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារការផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ 737 MAX ពីសំណាក់បណ្ដាប្រទេសជិត៥០នៅលើពិភពលោក ក្រោយករណីធ្លាក់យន្ដហោះផ្តាច់ជីវិតមនុស្សសរុប ១៥៧ នាក់នៅអេត្យូពី នេះបើតាមក្រុមអ្នកជំនាញមកពីធនាគារវិនិយោគ Jefferies ។

ក្រុមអ្នកជំនាញដដែលនេះ ក៏បានសង្កត់ធ្ងន់ដែរថា សោកនាដកម្មធ្លាក់យន្ដហោះអេត្យូពី អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសក្រុមហ៊ុនផលិតយន្តហោះ Boeing ហើយថា អ្វីដែលសំខាន់នោះ គឺវាក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ការបញ្ជាទិញយន្ដហោះ 737 MAX 8 ជាង ៥,០១១ គ្រឿងពីអតិថិជនចំនួន ៧៩ នៅទូទាំងពិភពលោកផងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅអេត្យូពី ប្រទេសជាច្រើនបានផ្អាកការហោះហើរ ឬក៏បិទដែនអាកាសសម្រាប់យន្តហោះម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង សិង្ហបុរី អេមីរ៉ាត់អារ៉ាប់រួម ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី