មេធំមកហើយ!!! Honda មកដឹកនាំ U23 កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ AFC U23 Championship 2020

10849

លោក Keisuke Honda គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ កម្ពុជាបានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០១៩ កាលពីល្ងាចម្សិលមិញ ក្នុងការដឹកនាំហ្វឹកហាត់ក្រុម U23 កម្ពុជា នៅពហុកីឡដ្ឋានជាតិ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់វគ្គជម្រុះ ក្នុងពូលH នាថ្ងៃទី ២២-២៦ ខែមីនា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ នៃព្រឹត្តិការណ៍ AFC U23 Championship 2020 ។

ជាធម្មតា ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ កម្ពុជា ត្រូវបានដឹកនាំហ្វឹកហាត់ដោយ គ្រូបង្វឹកសញ្ញាតិអាហ្សង់ទីន Felix ប៉ុន្តែម្សិលមិញ គ្រូបង្វឹក និងអ្នកចាត់ការទូទៅ លោក Keisuke Honda ក៏បានមកដឹកនាំការហ្វឹកហាត់ផងដែរ ដោយបាននាំយកគ្រូបរទេសពីរូបមកពីតំបន់អឺរ៉ុបមកជួយដល់ U-23 កម្ពុជា នៅក្នុងការប្រកួតជម្រុះ ក្នុងពូល H នេះ ។ ម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល H នឹងត្រូវជួបក្រុមខ្លាំងៗ៣ផ្សេងទៀត រួមមាន ក្រុមអូស្ត្រាលី កូរ៉េខាងត្បូង និងឆៃនិសតៃប៉ិ ។ សម្រាប់កម្មវិធីប្រកួតត្រូវបាន A F C ផ្លាស់ប្តូរម៉ោងប្រកួតទាំង៣ថ្ងៃ ដោយប្តូរពីម៉ោង ៣ៈ៣០ នាទីទៅប្រកួតម៉ោង ៥ ល្ងាច និងប្តូរពីម៉ោង ៦:៣០ នាទីទៅប្រកួតនៅម៉ោង ៨ យប់វិញ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងនៅកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសារពត៌មាន នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ។ សម្រាប់ការប្រកួតថ្ងៃបើកឆាករបស់ក្រុមម្ចាស់ផ្ទះ U23 កម្ពុជា នឹងត្រូវជួបក្រុម U23 អូស្ដ្រាលី មុនគេ នាថ្ងៃទី ២២ ខែមីនា នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សម្រាប់សំបុត្រចូលទស្សនា គឺមានតម្លៃ ១ ម៉ឺនរៀលនៅតំបន់មានកៅអីមានដំបូល និង ៥,០០០ រៀល តំបន់គ្មានដំបូង ដែលអាចទស្សនាបាន ២ ប្រកួតក្នុងថ្ងៃតែមួយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី