
ក្រុមជើងខ្លាំងក្នុងលីគកំពូលថៃ គឺ Muangthong United ហាក់ស្រងាកចិត្តកាលពីថ្ងៃសៅរ៍កន្លងទៅក្រោយត្រូវបរាជ័យក្រោមថ្វៃជើងរបស់ក្រុមដែលទើបដំឡើងមកថ្មីៗ គឺក្រុម PT Prachuap នៅកីឡដ្ឋាន Sam Ao។
នៅតង់ទីមួយក្រុមម្ចាស់ផ្ទះក្មេងខ្ចីបានដាក់សម្ពាធលើគូប្រជែងដែលជាក្រុមជើងខ្លាំងយូរមកហើយក្នុងលីគកំពូលថៃក្នុងលទ្ធផលបណ្តោះអាសន្ន ៤-០។ ការរកគ្រាប់បាល់ដំបូងរបស់ក្រុមទើបដំឡើងមកថ្មីៗនេះ ធ្វើឡើងត្រឹមតែនាទីទី ១៤ ប៉ុណ្ណោះ ដោយការតែតរបស់កីឡាករ Amorn Thammanarm ពីបាល់ជ្រុង។
៩ នាទីក្រោយមកស្រាប់តែខ្សែការពាររបស់ Muangthong គឺកីឡាករ Celio Santos បានធ្វើឲ្យភ្លាត់ស្នៀតដោយបាល់ឆ្លងផុតអ្នកចាំទីរបស់ខ្លួន ហើយក៏ត្រូវកីឡាករ Chitpanya Tisud របស់ក្លឹប Prachup ស៊ុតបង្ហើយតែម្តងទៅ។
Jonathan Ferreira Reis គឺជាកីឡាករបន្ទាប់ដែលអាចរកគ្រាប់បាល់បានឲ្យក្រុមថ្មីនេះ។ នៅបីនាទីក្រោយមក Orahovac បានបញ្ជូនបាល់ទៅឲ្យ Amorn ដែលបានរកបន្ថែមមួយគ្រាប់ទៀត។ Prachup នាំមុខ Muangthong ៤-០ ជាបណ្តោះអាសន្ន។ បន្តិចក្រោយមក Muangthong ក៏រកបានមួយគ្រាប់មកវិញពីបាល់ហ្វ្រ៊ីឃីក ធ្វើឲ្យ Prachup ថយចុះការនាំមុខមកត្រឹមបីវិញ។ ប៉ុន្តែនៅនាទី ៦៥ ស្រាប់តែ Prachuap បន្តការនាំមុខ ៤ គ្រាប់បន្ត ក្រោយរកបានមួយគ្រាប់ទៀតពីកីឡាករ Lonsana Doumbouya ពីបាល់ពិន័យ ១១ ម៉ែត្រ ដែលបង្កកំហុសដោយកីឡាករ Thossawat Limwannasathian របស់ក្រុម Muangthong ។
នៅសល់ត្រឹម ៦នាទី មុនចប់ការប្រកួត ស្រាប់តែ Doumbouya រកបានគ្រាប់ទីពីររបស់គេពីការតែតបាល់ជ្រុង។ ការប្រកួតក៏បានបញ្ចប់ទៅក្នុងលទ្ធផល Prachuap ៦-១ Muangthong។ លទ្ធផលនេះអាចចាត់ទុកជាបរាជ័យដ៏ធំបំផុតមួយរបស់ក្រុមខ្លាំង Muangthong ដែលត្រូវមកចាញ់ក្រុមឡើងថ្មីយ៉ាងចាស់ដៃបែបនេះ។ ទោះជាយ៉ាងណាក្តី ការប្រកួតគឺបែបនេះឯង គឺតែងមានចាញ់ មានឈ្នះជារឿងធម្មតា។ ការចាញ់បានជាបទពិសោធន៍ ហើយការឈ្នះបានជាកម្លាំងចិត្តដើម្បីបន្តទៅមុខទៀត៕
ដោយ៖ Dara Hunii