គ្រូបង្វឹកនៃក្រុមជម្រើសជាតិទាំង ៤ បង្ហាញការជឿជាក់ដូចគ្នាមុនប្រកួត AFC U23 នៅថ្ងៃស្អែកនេះ

63871
  • គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំទាំង៤ គឺកម្ពុជា អូស្រ្តាលី កូរ៉េខាងត្បូង និង ឆៃនីសតៃប៉ិ បានបង្ហាញការជឿជាក់ដូចគ្នា នៅក្នុងសន្និសីទសារពត៌មាន នៅថ្ងៃព្រហសប្បតិ៍នេះ មុនពេលដែលត្រូវប្រកួតវគ្គសន្សំពិន្ទក្នុងពូល H ព្រឹត្តិការណ៍ AFC U23 Championship ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះពូល H ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ មីនា នៅពហុ កីឡដ្ឋានជាតិ អូឡាំពិក ។

    លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិ U23 កម្ពុជាបញ្ជាក់ថា នេះជាឱកាសដ៏ល្អដែលបានជួបជាមួយក្រុមល្អៗ ហើយក៏សប្បាយចិត្តចំពោះការរីកចម្រើនរបស់កូនក្រុម និងសម្លឹងឆ្ពោះទៅកាន់ការប្រកួតបន្ថែមទៀត ។ លោក Can Hun Von គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឆាយនីសតៃប៉ិ U23 បង្ហើប ឲ្យដឹងថា មូលហេតុដែលលោកយកកីឡាករភាគច្រើនជានិស្សិតប្រចាំសាកលវិទ្យាល័យ ព្រោះលោក ធ្លាប់បង្ហាត់ពួកគេនៅ ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំដែរ ដោយលោករំពឹងថា ពួកគេនឹងអាចកើនបទពិសោធបន្ថែមទៀត ។

    ចំណែកលោក Graham Arnold គ្រូបង្គោលជម្រើសជាតិអូស្ត្រាលី U23 និយាយដែរថា មុនឈានជើងមកកម្ពុជាចូលរួមវគ្គជម្រុះ AFC U23 លោកបាននាំកូន ក្រុមទៅ បោះជំរុំ ហ្វឹកហាត់មួយសប្ដាហ៍នៅប្រទេស ម៉ាឡេស៊ី ដើម្បីបន្សុំានឹងអាកាសធាតុ ហើយលោកសង្ឃឹមថា កូនក្រុមរបស់លោកនឹងអាចធ្វើបានល្អក្នុងការប្រកួតនេះ ។ លោកបញ្ជាក់ថា ពុំមានអ្វីជាបញ្ហាចោទទេ ព្រោះគិតថា AFC បានវាយតម្លៃរួចរាល់ហើយ ចំពោះការរៀបចំរបស់កម្ពុជាហើយអរគុណពេញចិត្តចំពោះការខិតប្រឹងប្រែងរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ លោកមានការគោរពខ្លាំងចំពោះក្រុមម្ចាស់ផ្ទះកម្ពុជា ។

    ចំពោះលោក Kim-Hak Bum គ្រូបង្គោល U23 សាធារណរដ្ឋកូរ៉េ បានលើកឡើងដែរថា លោកបាន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ ដោយមិនមានអ្វីជាក្ដីបារម្ភឡើយ ហើយអ្វីដែលសំខាន់ សម្រាប់លោកគឺធានាថា កីឡាករមិនមានរបួស ។
    សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃបើកឆាករបស់ក្រុមម្ចាស់ផ្ទះ U23 កម្ពុជា នឹងត្រូវជួបក្រុម U23 អូស្ដ្រាលីមុនគេ នាថ្ងៃទី ២២ ខែមីនាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី