អបអរសាទរ!! ប្រាក់រង្វាន់ជិត ៥០០ លានរៀលត្រូវផ្ដល់ជូនម្ចាស់ជ័យលាភី វ៉ូវីណាម និងគុនដាវ ហើយ

14105

ប្រាក់រង្វាន់លើកទឹកចិត្តជិត ៥០០ លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភី នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី ៥ និងគុនដាវជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ នៅអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា ប្រាក់រង្វាន់ខាងលើផ្តល់អត្តពលិកកីឡាវូវីណាម ២៤ នាក់ ដែលដណ្តើម មេដាយសរុប ២៦ គ្រឿង ក្នុងនោះមេដាយមាស ៦ ប្រាក់ ៦ និងសំរិទ្ធ ១៤ ពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី ៥ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ ទទួលបានប្រាក់រង្វាន់ ៤៤៧ លាន ៣ សែនរៀល ។ រីឯអត្តពលិកកីឡាគុនដាវ ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង ទទួលបានប្រាក់រង្វាន់ ២៨ លានរៀល ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីខែតុលា ឆ្នាំ ២០១៨ នៅប្រទេស ម៉ាឡេស៊ី ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថា នេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ដែលបានប្រគល់ជូនប្រាក់រង្វាន់ជ័យលាភីជូនដល់ពីប្រភេទកីឡាទាំង ២ នេះ ដែលខិតខំដណ្តើមបានជ័យលាភីយកមកជូនជាតិរបស់ខ្លួន ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ត្រូវខិតខំបន្តហ្វឹកហាត់ទៀត ដើម្បីរួមគ្នាបន្តការអភិវឌ្ឍឈានទៅដណ្តើមបានកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខផងដែរ ។ ទាក់ទងនឹងប្រាក់រង្វាន់នៅសេសសល់ ឯកឧត្តម ស សុខា បានសន្យាថា នឹងជួយសម្រួលក្នុងការផ្តល់ប្រាក់រង្វាន់អន្តរជាតិ ឲ្យបានលឿន តាមការស្នើសុំ របស់សហព័ន្ធសាម៉ី តាមសមត្ថភាពរបស់ក្រសួងអប់រំដែលអាចធ្វើបាន ។

សូមបញ្ជាក់ថា ថវិកា ៤៧៥ លាន ៣ សែនរៀល ត្រូវបានរាជរដ្ឋភិបាលផ្តល់ជូនជ័យលាភី អត្តពលិកកីឡាវ៉ូវីណាម និងគុនដាវ ដែលដណ្តើមបានមេដាយពីការប្រកួតជើងឯកអាស៊ីគ្នេយ៍ ឆ្នាំ ២០១៨ ពីឆាកអន្តរជាតិ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី