អបអរពូដូ!!! ទីបំផុត UEFA សម្រេចពិន័យ Ronaldo ត្រឹមតែជាទឹកប្រាក់ប៉ុណ្ណោះ គ្មានការព្យួរការប្រកួតនោះទេ

7074

ទីបំផុតកីឡាករ Cristiano Ronaldo អាចចៀសផុតការព្យួរការប្រកួតក្រោយពី UEFA ប្រកាសការដាក់ទណ្ឌកម្មលើរូបគេសម្រាប់ការអបអរគ្រាប់បាល់ក្នុងជ័យជម្នះរបស់ក្លឹប Juventus លើ Atletico Madrid កាលពីជំនួបជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយ ដោយត្រូវតែបង់ជាទឹកប្រាក់តែប៉ុណ្ណោះ ។

Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ ( Hat-Trick ) ម្នាក់ឯងក្នុងជំនួបជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ដោយនៅគ្រាប់ទី ៣ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ​បានបញ្ចេញស្ទាយអបអរគ្រាប់បាល់ដូចទៅនឹងការអបអររបស់លោក Diego Simeone ដោយយកដៃក្ដោបប្រដាប់ភេទ កាលពីជើងទីមួយនៅពេលដែលក្លឹប Atletico Madrid ទទួលជ័យជម្នះក្នុងលទ្ធផល ២-០ ។

ខណះសហព័ន្ធបាល់ទ្វីបអឺរ៉ុប ( UEFA ) បានសម្រេចពិន័យទៅលើ Cristiano Ronaldo បន្ទាប់ពីរកឃើញថាកីឡាករសញ្ជាតិព័ទុយហ្គាល់រូបនេះបានបង្ហាញឥរិយាបថមិនសមរម្យបែបឌឺដង កាលពីម្សិលមិញនេះ ដោយពិន័យជាទឹកប្រាក់ចំនួន ២០.០០០ អឺរ៉ូ ប៉ុន្តែរឿងដែលធ្វើឲ្យអ្នកគាំទ្រ និងក្លឹប Juventus មានភាពរីករាយនោះគឺកីឡាកររូបនេះមិនត្រូវ UEFA ព្យួរការប្រកួតនោះឡើយ ដូច្នេះ Ronaldo នឹងបន្តមានវត្តមានក្នុងជំនួបវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UCL ដែលត្រូវប៉ះជាមួយក្រុមខ្លាំងរបស់ហូឡង់ Ajax ដ៏ដែល ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី