Pogba ថា លោក Solskjaer ជាអ្នកបន្តដង្ហើមឱ្យកីឡាករទាំងអស់រីករាយលេងបាល់ឡើងវិញ

42335
  • កីឡាករ Paul Pogba បាននិយាយថាលោក Ole Gunnar Solskjaer បានធ្វើឱ្យពួកគេមានអារម្មណ៍ថារីករាយនឹងការលេងបាល់ទាត់ម្ដងទៀត ចាប់តាំងពីពេលដែលគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះទទួលតួនាទីបន្តពីលោក Jose Mourinho ដែលក្លឹបបានបណ្ដេញចេញ ។

    ក្លឹបបិសាចក្រហម Manchester United បានទទួលជ័យជម្នះ ១៥ ប្រកួតក្នុងចំណោមការប្រកួត ១៩ លើកក្រោមការដឹកនាំរបស់លោក Solskjaer ធ្វើឱ្យក្លឹបមួយនេះឡើងទៅឈរនៅក្នុងចំណោមក្លឹបដែលប្រជែងដណ្ដើមទីតាំងតំបន់ Top-4 នៅកំពូលតារាងលីគកំពូលអង់គ្លេស និងការឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៅក្របខ័ណ្ឌ UEFA Champions League ។ ខណះ Pogba ដែលបានគាំទ្រឱ្យលោក Solskjaer ធ្វើជាអ្នកចាត់ការអចិន្ត្រៃយ៍បានទទួលស្គាល់ថាពួកគេរីករាយជាងមុនចាប់តាំងពីពេលដែលលោក Mourinho បានចាកចេញកាលពីខែធ្នូ ។

    Pogba បាននិយាយប្រាប់សារព័ត៌មាន Eurosport ថា៖ ” យើងបានជជែកអំពីរឿងរបស់ខ្ញុំច្រើនហើយ ប៉ុន្តែយើងគួរជជែកអំពីក្រុមទាំងមូលវិញ ។ ស្ថានភាពរបស់ពួកយើងល្អប្រសើរជាងមុនច្រើនណាស់ យើងលេងបាល់ទាត់បានច្រើនជាងមុន យើងក៏វាយសម្រុកច្រើនជាងមុនដែរ ។ ខ្ញុំលេងឡើងទៅខាងលើច្រើនជាងមុន ហើយក៏អាចសម្រេចចិត្តបានច្រើនជាងមុនដែរ ” ។

    ខ្សែបម្រើឆ្នើមសញ្ជាតិបារាំងរូបនេះបន្តថា៖ ” ខ្ញុំចូលចិត្តធ្វើអ្វីមួយឱ្យបានច្រើនជាងមុន និងល្អជាងមុន ។ ចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មី ពួកយើងរីករាយជាងមុនហើយយើងលេងរួមគ្នាបានល្អជាងមុនដែរ ។ ពេលដែលគាត់និយាយមកកាន់ពួកយើងគាត់បានជំរុញឱ្យយើងរីករាយជាមួយការលេងបាល់ទាត់ម្ដងទៀត ។ ការលេងបាល់ទាត់គឺជាអ្វីដែលយើងចូលចិត្ត ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី