ផែនការសំខាន់ៗត្រូវបានលើកយកមកពិភាក្សាដើម្បីឈានទៅសម្រេចគោលដៅនៅស៊ីហ្គេម ២០២៣ របស់សហព័ន្ធកីឡាវាយសី

15140

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានដាក់ចេញនូវផែនការអភិវឌ្ឍសំខាន់ៗ ដូចជា ពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ បញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅបរទេស ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល ចៅក្រម គណកម្មការរៀបចំការប្រកួត និងតែងតាំងទីប្រឹក្សាជំនាញៗគៀងគរស្វែងរកការឧបត្ថម្ភគាំទ្រ កាថ្លែងបែបនេះធ្វើក្នុងអង្គសន្និបាត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឈានទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានបញ្ជាក់ថាផែនការខាងលើនេះ ត្រូវមានការចូលរួម និងយកចិត្តទុកដាក់ចាប់ពីឆ្នាំ ២០១៩ នេះតទៅ និងឆ្នាំបន្តបន្ទាប់ ដោយតាមដានការហ្វឹកហាត់កីឡាករ-កីឡាការិនី ទាំងនៅសហព័ន្ធ និងតាមបណ្ដាក្លឹប ដើម្បីពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួត ប្រជែងលើឆាកអន្ដរជាតិ ឆ្ពោះទៅឆ្នាំ ២០២៣ ខាងមុខ ។ ឯកឧត្តម ក៏បានលើកឡើង នូវសមិទ្ធផលឆ្នាំចាស់ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានលទ្ធផលធំៗមួយចំនួន ដែលមានការកើនឡើងទាំងបច្ចេកទេស និងធនធានកីឡាករ កីឡាការិនី ។ ជាក់ស្តែងឆ្នាំ ២០១៨ កីឡាវាយសីកម្ពុជា បានលេចធ្លោលើឆាកអន្ដរជាតិ ក្រោយកីឡាករ វ៉ាត វណ្ណធន់ ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍អូឡាំពិកយុវជន លើកទី ៣ នៅប្រទេសអាហ្សង់ទីន ។

សូមបញ្ជាក់ថា អង្គមហាសន្និបាត ក៏បានប្រកាសបញ្ជូលសមាសភាពសមាជិកចំនួន ២ រូប គឺលោក សុខ ប៉ាង បានទទួលការគាំទ្រធ្វើជាសមាជិកប្រតិបត្តិថ្មី និងជាអគ្គលេខាធិការសហព័ន្ធ ជំនួស លោក ស្ដើង ជា ដែលបានប្រកាសលាលែង និងលោក ឧកញ៉ា អ៊ឹម ភាន់សុផល ត្រូវបានប្រកាសតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ ។ ហើយសមាជិកប្រតិបត្តិថ្មី ២ រូបនេះ ត្រូវបានប្រធានសហព័ន្ធ ចាត់ទុកថា ជាចលករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជា ឲ្យកាន់តែរីកចម្រើនផងដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី