
សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅដើម្បីអនុវត្តពង្រឹងផ្សព្វផ្សាយសម្រាប់ឆ្នាំ ២០១៩ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិចកម្ពុជា ។
ពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា នឹងវត្តមានសមាជិក សមាជិកា របស់សហព័ន្ធកីឡាហាប់គីដូកម្ពុជាជាច្រើនរូបទៀតផងដែរ ។
បើតាមរបាយការណ៍របស់ លោក គង់ចាន់ ធីណា អគ្គលេខាធិការ និងជាគ្រូបង្វឹកសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ កន្លងទៅ សហព័ន្ធសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាចូលរួមសកម្មភាពកីឡាផ្សេងៗជាមួយក្រសួង អប់រំ យុវជន និងកីឡា ចូលរួមសកម្មភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ បើកវគ្គបណ្ដុះបណ្ដាលបង្កើតក្លឹបថ្មីៗ ពង្រឹងសមត្ថភាពគ្រូបង្គោល ចែកវិញ្ញាបនបត្រ និងបង្កើនទំនាក់ទំនងទាំងថ្នាក់ជាតិ និងអន្តរជាតិជាមួយស្ថាប័នផ្សេងៗ ៕
ដោយ៖ តារា