តារាកំពុងរះ Lo Celso ៖ ខ្ញុំមិនខ្វល់ពីការចាប់អារម្មណ៍របស់ Real Madrid និង Barcelona នោះទេ

6334

Giovani Lo Celso បាននិយាយថា ខ្លួនមិនខ្វល់ពីការចាប់អារម្មណ៍ពីសំណាក់ក្លឹប FC Barcelona និង Real Madrid នោះទេ ខណៈដែលកីឡាកររូបនេះកំពុងបន្តភាពរីករាយរបស់ខ្លួនក្នុងកំឡុងពេលខ្ចីជើងជាមួយនឹងក្លឹប Real Betis ពីក្លឹបយក្សរបស់បារាំង Paris Saint-Germain ។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹប Real Betis ខ្ចីជើងកាលពីខែសីហា ខណៈដែលខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅក្របខ័ណ្ឌ La Liga ក្នុងកិច្ចសន្យារយៈពេលវែងមួយពីក្លិប Paris Saint-Germain ។ Lo Celso ដំបូងឡើយត្រូវបានក្លឹប Paris Saint-Germain នាំយកកាលពីខែកក្កដា ឆ្នាំ ២០១៦ ពីក្លិប Rosario Central របស់អាហ្សង់ទីន ប៉ុន្តែជាច្រើនខែក្រោយមករូបគេត្រូវបានខ្ចីជើងត្រឡប់ទៅលេងឲ្យក្លឹបចាស់របស់ខ្លួនវិញ ។

ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនចំនួន ៤៨ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ PSG នៅក្នុងរដូវកាល ២០១៧-១៨ ដោយស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ និងជួយឲ្យក្លឹបប្រមូលពានទាំងអស់នៅក្នុងប្រទេសបារាំងរួមមានការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Coupe de France និង Coupe de la Ligue ។ ប៉ុន្តែអនាគតរបស់ខ្សែបម្រើវ័យក្មេងសញ្ជាតិអាហ្សង់ទីនរូបនេះនៅមិនទាន់ច្បាស់នៅឡើយទេ ខណះសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះមិនទាន់ដឹងនៅឡើយទេថា តើជំហានបន្ទាប់របស់ខ្លួននឹងត្រូវបានបញ្ចប់នៅលើកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងក្លឹប Real Betis ឬយ៉ាងណានោះទេ ។

Lo Celso បានប្រាប់ដល់ France Football ថា៖ ” ការវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកនោះទេ ខ្ញុំព្យាយាមយកចិត្តទុកដាក់លើបច្ចុប្បន្ននេះជាង ។ យើងនឹងមើលឃើញនៅពេលដែលពេលវេលាមកដល់ ។ ការចាប់អារម្មណ៍របស់ Barca និង Real ខ្ញុំមិនគិតពីរឿងនេះទេ ខ្ញុំនៅក្មេងហើយខ្ញុំនៅតែមានអាជីពយូរអង្វែងទៀតនៅចំពោះមុខខ្ញុំ ។ គោលបំណងចម្បងរបស់ខ្ញុំគឺបញ្ចប់រដូវកាលឱ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបានជាមួយនឹង Betis ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី