
កីឡាករ Kevin-Prince Boateng បាននិយាយថាកីឡាករ Zlatan Ibrahimovic គឺជាកីឡាករដ៏ល្អបំផុតដែលខ្លួនធ្លាប់បានលេងជាមួយ ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប FC Barcelona រូបនេះបានមើលរំលងខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលជាមិត្តរួមក្រុមរបស់ខ្លួន ។
Kevin-Prince Boateng ធ្លាប់បានលេងជាមួយកីឡាករបាល់ទាត់អស្ចារ្យបំផុតនៅក្នុងពិភពលោកជាច្រើន ហើយ Ibrahimovic គឺជាកីឡាករដ៏ល្អបំផុតនៅក្នុងចិត្តរបស់កីឡាករអន្តរជាតិហ្គាណារូបនេះ ។ Ibrahimovic និង Boateng គឺជាមិត្តរួមក្រុមនឹងគ្នាកាលពីលេងនៅ AC Milan ខណះពួកគេបានជួយឲ្យក្លឹបយក្សរបស់អ៊ីតាលីមួយនេះគ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ( Serie A ) កាលពីរដូវកាល ២០១០/២០១១ ជាមួយគ្នាផងដែរ ។
នៅពេលត្រូវបានអ្នកសារពត៌មានសួរអំពីកីឡាករដ៏ល្អបំផុតដែលខ្លួនធ្លាប់លេងជាមួយនោះ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះមិនមានការស្ទាក់ស្ទើរក្នុងបានប្រាប់ទូរទស្សន៍ Barcelona TV ហើយឆ្លើយយ៉ាងខ្លីថា៖ ” គឺ Zlatan Ibrahimovic ” ។
ចម្លើយរបស់ Boateng បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបច្ចុប្បន្នកីឡាករូបនេះកំពុងលេងជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល គឺកីឡាករ Lionel Messi នៅក្នុងក្លឹប Barcelona ដែលត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា ៕
ដោយ៖ ពិទូ