អតីតប្រធាន UN ថ្លែងថា កូរ៉េខាងត្បូងមិនគួរចាត់វិធានការឯកតោភាគីជាមួយកូរ៉េខាងជើងឡើយ

13808

អតីតលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានជម្រុញឱ្យកូរ៉េខាងត្បូងធ្វើកិច្ចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មប្រឆំាំងនឹងកូរ៉េខាងជើង នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK ។

លោក បាន គីមូន ដែលធ្លាប់កាន់មុខតំណែងជាប្រមុខដឹកនំាអង្គការសហប្រជាជាតិអស់រយៈពេល ១០ ឆ្នំា បើគិតមកទល់ឆ្នំា ២០១៦ បានថ្លែងយ៉ាងដូច្នេះនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ។ ហើយការកត់សម្គាល់របស់លោក បាន ខាងលើនេះដែរ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនំាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅវៀតណាម បិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមគ្នា ។

នាឱកាសនោះដែរ លោក បាន គីមូន ក៏បានលើកឡើងអំពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ដូចជាអំពាវនាវដល់រដ្ឋបាលរបស់លោកប្រធានាធិបតី មូន ជែអ៊ីន មិនគួរចាត់វិធានការជាលក្ខណៈឯកតោភាគី ក្នុងការពង្រឹងគម្រោងអន្តរកូរ៉េ ហើយថា សម្រាប់ពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញទំហឹងជាមួយកូរ៉េខាងជើង នឹងមិនអាចទៅរួចនោះឡើយ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី