ទីបំផុតដឹងការពិតហើយ! អ្នកបើករថយន្ត Range Rover បុកនិស្សិត ឌុំ រីដាស្លាប់យ៉ាងអណោចអធ័មនោះគឺជានារីវ័យជំទង់ យិន ម៉ាណា

10225

នៅពេលនេះការពិតដែលមហាជនទូទាំងប្រទេសចង់ដឹង ចង់ឮចង់ស្គាល់ តើអ្នកបើករថយន្តបង្ក Range Rover ជាពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ជានរណាត្រូវបានលាតត្រដាងហើយ ។ មន្រ្តីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ នេះថា អ្នកបើករថយន្តបង្កដែលអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកចង់ឱ្យមកទទួលទោសតាមច្បាប់នោះគឺជានារីវ័យក្មេងម្នាក់អាយុខ្ទង់ ១៧ ឆ្នាំមានឈ្មោះថា យិន ម៉ាណា ។

មន្រ្តីនគរបាលជាន់ខ្ពស់ថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកបើកបរឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីម្សិលមិញដោយមកទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ ។ ហើយចំណុចសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍លោក យិន ង្គិច បានយល់ព្រមសារភាពថា៖ ” អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមេដៃនៅលើកិច្ចសន្យាផងដែរ ” ។

មន្រ្តីនគរបាលជាន់ខ្ពស់ដដែលរូបនោះបានរៀបរាប់ថាមុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះនារីបង្ករួមជាមួយមិត្តភក្តិជំទង់ៗដូចគ្នាចំនួន ៤ នាក់ ( ប្រុស ៣ នាក់ ) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅ ក្បែរនោះ ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយនារីបង្កបានឡើងបើករថយន្តវិញអមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន ២ នាក់ (ស្រីម្នាក់និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះបានបន្តទៀតថានៅចំពោះមុខសមត្ថកិច្ចលោក យិន ង្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ សំណាង

ប្រភព :
Freshnewsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី