អ្នកចាំទីរហ័សនាមអាសារុង Courtois ផ្ញើរសារទៅ Hazard ឱ្យផ្ទេរមកលេងនៅ Real Madrid ជាមួយខ្លួន

7259

អ្នកចាំទីដៃស្អិត Thibaut Courtois ចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិប៊ែលហ្ស៊ិករបស់ខ្លួនគឺតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard ចូលរួមជាមួយរូបគេនៅឯក្លិប Real Madrid នារដូវកាលក្រោយ ។

Eden Hazard បានបញ្ជាក់កាលពីដើមខែកុម្ភៈថា ខ្លួនបានធ្វើការសម្រេចចិត្តលើអនាគតរួចរាល់ហើយ ប៉ុន្តែខ្សែបម្រើឆ្នើមរូបនេះនៅមិនទាន់ប្រកាសពីផែនការរបស់រូបគេជាផ្លូវការនៅឡើយទេ ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលមានកុងត្រារហូតដល់ឆ្នាំ ២០២០ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់កីឡដ្ឋាន Santiago Bernabeu ខណះអ្នកទីដៃទីមួយរបស់ Real Madrid Thibaut Courtois ចង់ឱ្យ Hazard ផ្លាស់មកលេងនៅក្នុងក្របខ័ណ្ឌ La Liga ជាមួយគ្នា ។

ម្ចាស់ស្រោមដៃមាសប្រចាំ World Cup ២០១៨ រូបនេះបានប្រាប់វិទ្យុ Onda Cero ថា៖ ” ខ្ញុំមិនដឹងថាតើរូបគេនឹងចុះហត្ថលេខាជាមួយក្លឹប Real Madrid ឬក៏មិនដឹងថាតើក្លិបចង់បានគាត់ឬយ៉ាងណានោះទេ ។ សម្រាប់ខ្ញុំគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំមិនសម្រេចចិត្តរឿងទាំងនោះទេ ។ ម្នាក់ៗសម្រេចចិត្តថាគាត់ធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់គាត់ ។ ចំពោះខ្ញុំគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលល្អបំផុតនៅក្នុងពិភពលោក ហើយជាមិត្តដ៏ល្អម្នាក់ ខ្ញុំចង់ឱ្យគាត់មកទីនេះ ” ។

Thibaut Courtois បានចំណាយពេលអស់ចំនួន ៤ រដូវកាលនៅជាមួយក្លឹបតោខៀវ Chelsea មុនពេលផ្លាស់ទៅលេងឱ្យក្លឹបអធិរាជស Real Madrid កាលពីខែសីហា ឆ្នាំ ២០១៨ ។ Hazard ស៊ុតបញ្ចូលទីបានចំនួន ១៣ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ១១ លើកក្នុងការបង្ហាញខ្លួនចំនួន ២៩ ប្រកួតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ខណៈដែល Chelsea កំពុងឈរនៅចំណាត់ថ្នាក់ទី ៦ ក្នុងតារាង ៕

ដោយ៖ ពិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី