កីឡាជនពិការវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា EKI DEN Sport នៅជប៉ុន

15251
  • កីឡាករ កីឡាការិនី គ្រូបង្វឹក កីឡាពិការកម្ពុជា ចំនួន ១២ រូប បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា EKI DEN Sport នៅប្រទេសជប៉ុន ។

    ឯកឧត្តម យី វាសនា ជានាយបេសកកម្ម បានថ្លែងថា ព្រឹត្តិការណ៍កីឡា EKI DEN Sport នេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្នុងព្រឹត្តិការនេះ ជប៉ុន បានអញ្ជើញភ្ញៀវដែលជាមិត្តរបស់ជប៉ុន ក្នុងតំបន់អាស៊ីចំនួន ១ ប្រទេសចូលរួម ។ ដោយឡែកសម្រាប់ឆ្នាំនេះកម្ពុជាមាន ភព័សំណាងដោយត្រូវបានជប៉ុន បានអញ្ជើញឲ្យចូលរួមប្រកួត ដើម្បីបង្កើនមិត្តភាព សាមគ្គីភាព លើកកិត្តិសព័្ទរបស់កម្ពុជានៅប្រទេសជប៉ុនផងដែរ ក៏ដូចជាការដកស្រង់នូវបទពិសោធន៍ និង បច្ចេកទេសពីការប្រកួតដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនថែមទៀតផង ។

    ឯកឧត្តម បានឲ្យដឹងដែរថា ក្នុងព្រឹត្តិការនេះ មានការចូលរួមពីកីឡាករចំរុះ តែរៀបចំតាម ថ្នាក់ខុសៗគ្នា ក្នុងនោះមានការចូលរួមពីកីឡាករកីឡាការិនី ពិការកាយសម្បទា ពិការចលករ ខួរក្បាលឬខ្សោយបញ្ញា ព្រមទាំងកីឡាករកីឡាការិនីកាយសម្បទាមាំមួនផងដែរ ក្នុងគោលដៅ សាមគ្គីភាពមិត្តភាព គ្រប់ប្រភេទកីឡា គ្រប់ប្រភេទអត្តពលិក ទោះជាពិការភាព ឬមិនពិការ ក្ដីពុំមានការរើសអើង ដើម្បីការរីកចំរើន លើវិស័យកីឡាតែមួយ ។ ឯកឧត្តម អះអាងថា ព្រឹត្តិការណ៍ នេះទទួលបានការទាក់ទាញយ៉ាងខ្លាំង ដែលមានអ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករពេញ ពហុកីឡដ្ឋាន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជាលទ្ធផល ក្នុងចំណោម ២០ ក្រុម គឺកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១១ ប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតនោះ គឺកម្ពុជាទទួលបានកិត្តិយស និង ការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តជប៉ុន ដែលឯកឧត្តមអះអាងថា មិត្តភាពជប៉ុន-កម្ពុជា គឺជាបងប្អូនតែមួយ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី