ដំរីព្រៃមួយហ្វូងចូលស្រុក អ្នកអភិរក្សថាជារឿងល្អនិងនាំគ្នាស្រឡាញ់ និងចូលរួមអភិក្សដំរី

10996

មណ្ឌលគិរីៈជារឿយៗក្នុងរដូវក្តៅ គេតែងសង្កេតឃើញវត្តមានហ្វូងសត្វដំរីព្រៃ បានបង្ហាញវតត្តមានចូលមកក្បែរភូមិរបស់អ្នកស្រុកក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រជាពលរដ្ឋ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ ដំរីព្រៃមួយហ្វូងមានប្រហែល ៤ ក្បាល បានចូលមកដល់បរិវេណសាលាស្រុកកែវសីមា ហើយពួកវាពុំដែលធ្វើទុកបុកម្នេញដល់ពលរដ្ឋនោះទេ គឺមកហើយទៅវិញៗតាមតែទម្លាប់ជាប្រចាំរបស់វា ។

មន្ត្រីសាលាស្រុកកែវសីមាបានថតជាវីដេអូសកម្មភាពរបស់ហ្វូងសត្វដំរី ដែលបានចូលដល់បរិវេនសាលាស្រុកកែវសីមា ។ ក្នុងវីដេអូជិត ២ នាទី នៃសកម្មភាពរបស់សត្វដំរី ៤​ ក្បាល នោះគឺពួកវាទំនងជាចង់មកមុជនិងផឹកទឹកស្រះក្នុងសាលាស្រុកកែវសីមា ប៉ុន្តែពុំបានចុះក្នុងទឹកស្រះនោះទេ ដោយពុំមានផ្លូវចុះ ។ ពួកវាបានត្រលប់ចូលទៅក្នុងព្រៃជ្រៅវិញ ដោយពុំមានការដេញពីប្រជាពលរដ្ឋនោះឡើយ ។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីមួយហ្វូងដែលមានជាង ១០ ទៅ ២០ ក្បាល តែមានដំរីប្រមាណ ៤ ក្បាល បានចូលមកដល់ទីធ្លារសាលាស្រុកកែវសីមាកាលពីព្រឹកមិញ ។ លោកថា ការចូលមករបស់ហ្វូងដំរីទាំងនេះ គឺតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះកន្លែងនេះ ជាទីតាំងរបស់វាពីមុន ទើបវាត្រូវចូលមក ឲ្យតែដល់ខែនេះ ។

លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា៖ ” វត្តមានហ្វូងសត្វដំរីនៅពេលនេះ គឺជារឿងល្អប្រសើរសម្រាប់ដែនជម្រកការពារសត្វព្រៃកែវសីមា ដោយអាចបញ្ជាក់បានថា ព្រៃនេះនៅមានសត្វព្រៃគង់វង្សច្រើន…។ ដំរីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងស្រុកកែវសីមា ក៏ត្រូវបានគេបញ្ជាក់ថាបានបង្ហាញខ្លួនក្រោយផ្ទះពលរដ្ឋ , តាមបណ្តោយផ្លូវជាតិលេខ៧៦ , ក្រោយទីបញ្ជាការអាវុធត្ថ,ឬស្រះនិងត្រពាំងមុខស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ” ។ លោក ប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី បានសំដែងការព្រួយបារម្ភផងដែរ បើសិនជាពួកវាចូលដល់តំបន់ប្រជុំជន ដែលមានមនុស្សរស់នៅច្រើន នៅពេលមនុស្សទៅដេញឬទៅគប់ពួកវា វាហ្នឹងអាចតតាំងជាមួយមនុស្សវិញ ។

លោក កែវ សុភគ៌ បានឲ្យដឹងថា៖ ” បច្ចុប្បន្នចំនួនសត្វដំរីព្រៃនៅខេត្តមណ្ឌលគិរី មានចន្លោះពី ៣៧០ ក្បាល ទៅ ៥០០ ក្បាល គឺមានការកើនឡើង ហើយដំរីព្រៃនៅខេត្តមណ្ឌលគិរី គឺមានតែមួយប្រភេទ គឺដំរីអាស៊ី ” ។ លោកប្រធានមន្ទីរបរិស្ថានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទៅមើលឬថតរូបហ្វូងដំរីទាំងនេះ សូមកុំបង្កការំខានដល់ពួកវា ដែលអាចមានគ្រោះថ្នាក់នានា ព្រោះចរិកដំរីព្រៃនេះ បើយើងមិនរំខានវាទេ វាក៏មិនធ្វើអីដល់មនុស្សដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី