ចិន សន្យាថា នឹងជំរុញការសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុឲ្យហើយមុនពេលកំណត់ដើម្បីឲ្យកម្ពុជាប្រើពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន

29533
  • លោក Wen Gang អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC (China Communications Construction Company Limited) បានថ្លែងសន្យាថា នឹងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឲ្យហើយមុនកាលកំណត់ ពោលឲ្យក្នុងឆ្នាំ ២០២២ ដើម្បីកម្ពុជាប្រើប្រាស់ពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ។ ក្នុងជំនួបដែលធ្វើឡើងរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Wen Gang នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ភាគីចិន បានថ្លែងប្តេជ្ញាជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹមខែកញ្ញា ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការស្វាគមន៍កិច្ចប្រជុំ ASEAN នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនាខែវិច្ឆិកា ឆ្នាំ ២០២២ ។

    ក្រុមហ៊ុន CCCC ជាសហគ្រាសរបស់រដ្ឋាភិបាលចិនមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៥០ ។ ក្នុងនោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ក៏ជាក្រុមហ៊ុនមួយកំពុងបន្តកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើន រួមទាំងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។
    ផ្លូវល្បឿនលឿនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រោយអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ផ្លូវដែលមានប្រវែងជាង ១៩០ គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ គ្រោងចំណាយពេលសាងសង់ចំនួន ៤៨ ខែ ពោលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ ។

    ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅឆ្នាំ ២០២២ កម្ពុជានឹងធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។ សម្តេចបានបង្ហាញគម្រោងយករាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្រាប់រៀបចំកិច្ចប្រជុំនេះ ។ តែទោះជាយ៉ាងក្នុងពិធីនោះសម្តេចតេជោ មិនបានរំពឹងថា បានប្រើប្រាស់ផ្លូវល្បឿនលឿននេះសម្រាប់បម្រើដល់ការធ្វើដំណើររបស់ដាក់ដឹកនាំ និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជានោះទេ ព្រោះថាតាមការគ្រោងទុកផ្លូវសាងសង់ហើយរហូតដល់ឆ្នាំ ២០២៣ ឯណោះ ។ សម្តេចបានត្រឹមរំពឹងថា នឹងប្រើផ្លូវនេះសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមតែប៉ុណ្ណោះ ។
    ប៉ុន្តែនៅពេលនេះ អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC បានសន្យាប្រឹងប្រែងជំរុញការសាងសង់ផ្លូវល្បឿនលឿននេះ ឲ្យបានទាន់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ។

    សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ  ២,០០០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី