
អាចម៍ផ្កាយ បេននូ (Bennu) គឺជាប្រភេទអាចម៍ផ្កាយ អ៊េគធីវ អាស់ស្ទឺរាត (Active Asteriod) ដែលមានចំនួនពុំសូវជាច្រើនប៉ុន្មាននោះឡើយ ។ ដោយសារតែ បេននូ មានទំហំធំគួរសម និងមានគន្លងគោចរប្រកៀកប្រកិតនឹងផែនដីទៀតនោះ ទើបធ្វើឲ្យវាស្ថិតនៅជាគោលដៅនៃការសិក្សាស្រាវជ្រាវ ព្រមទាំងប្រយ័ត្នប្រយែងបំផុតពីក្រុមអ្នកវិទ្យាសាស្ត្រ ។
បើតាមអង្គការ NASA នោះលទ្ធផលអង្កេតថ្មីរបស់យានអវកាស អូស៊ីរីស រ៉ិច (OSIRIS-Rex) ដែលកំពុងសិក្សានៅក្បែរ អាចម៍ផ្កាយ បេននូ បានបង្ហាញថា អាចម៍ផ្កាយដែលមានមុខកាត់ប្រមាណ ៥០០ ម៉ែត្រនេះ បានបញ្ចេញធូលី និងកម្ទេចកម្ទីរថ្មតូចៗទៅក្នុងលំហអវកាសជាច្រើនលើក ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ដូច្នេះបើតាមអ្នកវិទ្យាសាស្រ្ត វាគឺជាប្រភេទអាចម៍ផ្កាយមួយចំនួនតូចហៅថា អ៊េគធីវ អាស់ស្ទឺរាត ឬ អាចម៍ផ្កាយសកម្ម ។
សូមបញ្ជាក់ថា យានអវកាស អូស៊ីរីស រ៉ិច មានតម្លៃ ៨០០ លានដុល្លារ ត្រូវបានបញ្ជូនឡើងអវកាសកាលពីខែកញ្ញា ឆ្នាំ ២០១៦ និងបានធ្វើដំណើរទៅដល់គន្លងក្បែរអាចម៍ផ្កាយ បេននូ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ។ ប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូនទាំងស្រុងនោះ នៅពាក់កណ្តាលឆ្នាំ ២០២០ យានអវកាសនេះនឹងចុះទៅប្រមូលយកគំរូតាងពីអាចម៍ផ្កាយ បេននូ ដែលនឹងត្រូវនាំយកចុះមកដល់ផែនដីនៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ៕
ដោយ៖បូណា