ការប្រកួតកីឡាសិស្សបឋមសិក្សា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ ចំណុច

32382
  • ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ។

    លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត បានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៩ លើ ៤ ប្រភេទកីឡា ស្មើនឹង ៩ វិញ្ញាសា លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦០៥ នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិ ។
    ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ មានប្រសាសថា ការប្រកួតនេះ ធ្វើក្នុងគោលបំណង ១- បំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ២-ជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួតទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ។ ៣- លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូល ក្នុងក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេស ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ៤- បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នា នៅក្នុងសង្គម ។ ៥- ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមនីយដ្ឋានទេសចរណ៏នានា ដើម្បី បណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិ ។

    ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា ការហ្វឹកហាត់អប់រំកាយ និងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា ។ ជាទូទៅការអប់រំកាយ និងកីឡា ជាធាតុសំខាន់នៃការអប់រំពេញមួយជីវិត នៅក្នុងប្រព័ន្ធអប់រំ ។ ការអប់រំកាយនិងកីឡាធានាការអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយ បញ្ញា ស្មារតី និងសីលធម៌របស់មនុស្សលោក ។ ការអប់រំកាយ និងកីឡាជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួននិងមានសុខភាពល្អ ជួយកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ រួមចំណែកកសាង និងការពារជាតិមាតុភូមិ ។ វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន ។
    ឯកឧត្តម សុខ សប្បាយណា ចាប់ពីឆ្នាំ ២០១៩នេះតទៅ ក្រសួងបានកំណែទម្រង់ការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (National University Games) រៀងរាល់ ២ ឆ្នាំម្តង ចាប់ពីឆ្នាំ ២០១៩ តទៅ ដោយធ្វើចន្លោះឆ្នាំគ្នាជាមួយការប្រកួតកីឡាជាតិ (National Games) ហើយថវិកាក្នុងឆ្នាំដែលមិនបានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡានៅតាមសាលារៀនវិញ ។

    កំណែទម្រង់នេះដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕

    ដោយ៖ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី