ព្រឹត្តការណ៍ទេសចរណ៍វាយកូនគោលអាស៊ីលើកទី ៨ នៅសៀមរាប ជាការផ្សព្វផ្សាយទេសចរណ៍មួយដ៏ធំបំផុត

10479

ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ី លើកទី ៨ (8th Asia Golf Tourism Convention – AGTC) ដែលនឹងធ្វើឡើងនៅសៀមរាប-អង្គរ នាពេលនេះ គឺជាព្រឹត្តិការណ៍ដែលនឹងចូលរួមផ្សព្វផ្សាយពីវិស័យកីឡាទេសចរណ៍ នៅកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែល្បីសុះសាយថែមទៀត ។

ការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឡើងក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារសុខាអង្គរ នារាត្រីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ ដើម្បីស្វាគមន៍កីឡាករ ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍ ៥៦២ នាក់ មកពី ៤៥ ប្រទេស នៅទឹកដីអង្គរ ខេត្តសៀមរាប ។
ឯកឧត្តម ថោង ខុន មានប្រសាសថា ការរៀបចំព្រឹត្តិការណ៍កីឡាធំៗនៅកម្ពុជានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើងដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួន ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ ។

លោក Peter Walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាសុីនេះ រៀបចំឡើង ៨ លើករួចមកហើយ នៅតំបន់អាស៊ី ហើយនៅឆ្នាំ ២០១៩ នេះ យើងជ្រើសរើសយក ខេត្តសៀមរាប អង្គរ ប្រទេសកម្ពុជា ដោយមាន ៤៥ ប្រទេសចូលរួម ។ លោក បន្តថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានទីលានវាយកូនគោលលំដាប់បទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ ។ អគ្គនាយករូបនេះ បានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ។

សូមបញ្ចាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលអាស៊ីលើកទី ៨ នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣-៥ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខ ។ កីឡាវាយកូនគោលនេះ ធ្វើឡើងនៅទីលានវាយកូនគោលរបស់រមណីយដ្ឋានសុខា-អង្គរ សណ្ឋាគារភូកេត្រា និងសណ្ឋាគារប៊ូយ៉ុង ដោយអ្នកចូលរួមទាំង ៥៦២ នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប អាស៊ីតំបន់ មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ទ្វីបអាមេរិកខាងជើង ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី