ចិន ទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យជំនាន់ថ្មីឡើងទៅកាន់ទីអវកាស

5520
  • ប្រទេសចិន បានទទួលជោគជ័យ សម្រាប់ការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មីចុងក្រោយគេ ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) នៅខេត្ត ស៊ីឆ័ន (Sichuan) ភាគនិរតីប្រទេស ។

    ការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មីចុងក្រោយ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ គឺជាបេសកម្មលើកទី ១២៩ ហើយ សម្រាប់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង និងជាបេសកកម្មលើកទី ៣០១ សម្រាប់ស៊េរីគ្រាប់រ៉ុក្កែតដឹកជញ្ជូន ឡុង ម៉ាច ។ ផ្កាយរណបនេះ មានឈ្មោះថា ធានលាន ធូ-០១ (Tianlian II-01) ត្រូវបានបាញ់បញ្ជូនឡើងទៅទីអវកាស នៅម៉ោងជិត ១១ និង ៥១ នាទីកាលពីយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) តាមរយៈគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៣ប៊ី (Long March-3B) ហើយបានទៅដល់ចំណុចទីតាំងដែលគ្រោងទុកដោយជោគជ័យ ។

    ផ្កាយរណបនេះទៀតសោត គឺជាផ្កាយរណបដំបូងគេ ក្នុងចំណោមក្រុមផ្កាយរណបតាមដាន និងបញ្ជូនទិន្នន័យជំនាន់ទីពីររបស់ចិន ដែលនឹងផ្តល់សេវាកម្មផ្សេងៗ រួមមានការបញ្ជូនទិន្នន័យ ការវាស់ស្ទង់ ការគ្រប់គ្រង និងការទាក់ទង សម្រាប់យានអវកាស និង ផ្កាយរណប ក៏ដូចជាគ្រាប់រ៉ុក្កែត ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី