សញ្ញាច្បាស់ៗទាំង ៥ នេះ បញ្ជាក់ថា អ្នក និងគេមិនអាចបន្តរួមដំណើរជាមួយគ្នាបានទៀតនោះទេ

27535
  • ទំនាក់ទំនងមួយអាចទៅមុខឬអាចបញ្ចប់នោះយើងក៏អាចមើលតាមសញ្ញាដែលម្នាក់ៗសម្ដែងចេញមកដែរ ។ បើសញ្ញាល្អៗ ចេះតែមាននោះក្ដីសង្ឃឹមក៏កើនឡើងដែរ ប៉ុន្តែបើពេលនេះអ្នកទាំងពីកំពុងមានសញ្ញាច្បាស់ៗដូចខាងក្រោមនេះនោះបញ្ជាក់ថាអ្នកប្រហែលមិនអាចកាន់ដៃគ្នាទៅមុខទៀតឡើយ៖

    ៥/ អ្នកមានអារម្មណ៍ថាអ្នកនិងគេចាប់ផ្ដើមមានគម្លាត

    រវាងអ្នកនិងគេចាប់ផ្ដើមលែងស្និទ្ធស្នាលដូចមុនហើយមានអារម្មណ៍ថាទោះនៅក្បែរគ្នាក៏គ្មានអារម្មណ៍ពិសេសអីទាំងអស់ ។ គ្រប់យ៉ាងចាប់ផ្ដើមស្ងប់ស្ងាត់ខ្លាំងរហូតពេលខ្លះជួបមុខគ្នាក៏មិនដឹងត្រូវនិយាយអីជាមួយគ្នា ។

    ៤/ អ្នកមានអារម្មណ៍ថាហត់នឿយហើយលែងចង់ព្យាយាមទៀត

    ការតាំងចិត្តដែលធ្លាប់តែមានពីមុនមកក៏ចាប់ផ្ដើមរលាយបន្តិចម្ដងៗរហូតពេលខ្លះមានអារម្មណ៍ថាហត់នឿយខ្លាំង ហើយមិនចង់ធ្វើអីទាំងអស់ក្រៅពីនៅម្ខាងម្នាក់ ។ អ្នកនិងគេបាត់បង់អារម្មណ៍ពុះពារជាមួយគ្នាបាត់បង់ទឹកចិត្តដែលចង់ព្យាយាមកាន់ដៃគ្នាមិនលែងជំនួសមកវិញនូវភាព ហត់នឿយភាពស្ងប់ស្ងាត់ ហើយលែងចង់ខ្វល់ខ្វាយអីទាំងអស់ក្រៅពីចង់សម្ងំនៅម្នាក់ឯង ។

    ៣/ គម្រោងទៅអនាគតដែលធ្លាប់គិតក៏ចាប់ផ្ដើមផ្លាស់ប្ដូរ

    ពីមុនធ្លាប់គិតថារៀនចប់មានការងារសន្សំលុយឱ្យបានច្រើនរួចនឹងរៀបការជាមួយគ្នាតែមកដល់ពេលនេះគំនិតទាំងអស់នោះក៏ចាប់ផ្ដើមប្រែប្រួលទៅវិញ ។ អ្នកចាប់ផ្ដើមមានអារម្មណ៍ថាគ្រប់យ៉ាងមិនមែនងាយស្រួលដូចអ្នកគិតឡើយកុំថាឡើយរៀបការជាមួយគ្នាសូម្បីតែការកាន់ដៃគ្នារាល់ថ្ងៃក៏ពិបាកទៅហើយ ។

    ២/ អ្នកលែងមានអារម្មណ៍ច្បាស់លាស់ជាមួយគ្នា

    អ្នកចាប់ផ្ដើមមានអារម្មណ៍ថាគេលែងច្បាស់លាស់ជាមួយអ្នកហើយអ្នកក៏លែងច្បាស់លាស់ជាមួយគេ ។ រឿងជាច្រើនបានរត់ពេញខួរក្បាលអ្នកនៅពេលដែលគេមិនដែលបង្ហាញភាពច្បាស់លាស់មួយមកឱ្យអ្នក ។ អ្នកគិតថាគេនិងអ្នកគ្រាន់តែទាក់ទងគ្នាបែបធម្មតាតែប៉ុណ្ណោះដោយគ្មានសកម្មភាពណាបញ្ជាក់ថាគេពិតប្រាកដជាមួយអ្នកឡើយ ។

    ១/ អ្នកនិងគេលែងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនទៀត

    អ្នកលែងគិតថាគេជាមនុស្សដែលអ្នកអាចចែករំលែករឿងគ្រប់យ៉ាងដូចពីមុនទៀតហើយ ។ អ្នកទាំងពីចាប់ផ្ដើមមានអារម្មណ៍ទើសទាល់គ្នា ហើយលែងចង់ប្រាប់គ្នាពីរឿងក្នុងចិត្តទៀតហើយ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី