គ្រូ PSG ៖ ការប្រៀបធៀបរវាង Mbappe ជាមួយ Pele វាមិនចំណេញអ្វីដល់ Mbappe នោះទេ

19506
  • គ្រូបង្វឹករបស់ក្លឹប Paris Saint Germain គឺលោក Thomas Tuchel បានលើកឡើងថាកីឡាករ Kylian Mbappe មានសមត្ថភាពអាចធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែមិនគួរប្រៀបធៀបរូបគេជាមួយអតីតកំពូលតារាបាល់ទាត់របស់ពិភពលោក និងប្រេស៊ីល លោក Pele នោះទេ ។

    តារាបាល់ទាត់ជម្រើសជាតិបារាំងរូបនេះបានក្លាយជាកីឡាករវ័យក្មេងដំបូងដែលរកបានគ្រាប់បាល់នៅក្នុងការប្រកួតវគ្គផ្ដាច់ ព្រ័ត្រ FIFA World Cup ដោយបានបំបាក់ក្រុមក្រូអាតក្នុងលទ្ធផល ៤ ទល់នឹង ២ នៅទឹកដីរុស្ស៊ី បើគិតចាប់ពីពេលដែលលោក Pele រកបានគ្រាប់បាល់ពេលប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រុមស៊ុយអ៊ែតកាលពីឆ្នាំ ១៩៥៨ ។ អាស្រ័យហេតុនេះហើយទើបការប្រៀបធៀបមួយនេះពិបាកនឹងជៀសវាងណាស់ ។

    លោក Tuchel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coupe de France ជាមួយក្រុម Nantes ដែលនៅការប្រកួតលើកនេះ Mbappe ត្រូវដឹកនាំតំបន់ប្រយុទ្ធដោយគ្មានវត្តមានរបស់កីឡាករ Neymar,  Edinson Cavani និង Angel Di Maria នោះឡើយ ។

    នៅក្នុងសន្នីសីទសារព័ត៌មាននោះលោក Tuchel បាននិយាយថា៖ ” គេអាចសម្រេចបានគោលដៅទាំងនេះអ្វីក៏គេអាចសម្រេចបានដែរ ប៉ុន្តែការធៀបគេជាមួយលោក Pele មិនអាចជួយអ្វីដល់គេនោះទេ ។ ការធ្វើបែបនេះប្រៀបដូចជាសម្លឹងមើលទៅអនាគតដ៏ឆ្ងាយសែនឆ្ងាយ ។ ធ្វើបែបនេះអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់គេ ។ ពេលវេលាបន្ទាប់ដែលគេអាចរីកចម្រើនបាននោះគឺនៅលើទីលានហ្វឹកហាត់ ” ។

    គ្រូបង្វឹករូបនេះបន្តថា៖ ” រឿងនេះគឺពិបាកផងនិងងាយស្រួលផងក្នុងពេលតែមួយព្រោះគ្រប់គ្នាមើលឃើញថាគេមានលក្ខណៈពិសេស ។ នៅក្នុងវិស័យកីឡាគឺបែបនេះហើយគឺវានឿយហត់ហើយទាមទារខ្ពស់ ប៉ុន្តែវាគឺជាផ្លូវតែមួយគត់ដែលត្រូវដើរទៅរកភាពរីកចម្រើន ” ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី