សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិសាអាហារសាមគ្គីជាមួយ គ្រួសារកីឡា នៅល្ងាចនេះ

14586
  • ការអញ្ជើញចូលរួមរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងពិធីពិសាអាហារសាមគ្គីជាមួយគ្រួសារកីឡា ជារៀងរាល់ ឆ្នាំនេះ មិនត្រឹមតែបង្កលក្ខណៈ សប្បាយរីករាយ ប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញពីការលើកទឹកចិត្តផ្សាភ្ជាប់ស្មារតី ដ៏ជ្រាលជ្រៅសម្រាប់កីឡាករ កីឡាការិនី ផងដែរ ។

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លើកឡើងថា ការអញ្ជើញចូលរួមរបស់សម្តេចនាយក រដ្ឋមន្ត្រី ក្នុងវិស័យកីឡាជារៀងរាល់ឆ្នាំនេះ មិនត្រឹមតែជាការលើកទឹកចិត្ត និងបង្កលក្ខណៈ សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការលើកទឹកចិត្តផ្សាភ្ជាប់នឹងស្មារតី ដ៏ជ្រាលជ្រៅសម្រាប់កីឡាករ កីឡាការិនី ហើយពួកគេទាំងអស់គ្នាមានសេចក្តីសប្បាយរីករាយ និងទទួលបានភាពកក់ក្តៅបំផុត ដែលទទួលបានការចូលរួមក្នុងពិធីពិសាអាហារសាមគ្គី និងប្រាក់ឧបត្ថម្ភ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ។
    ក្នុងពិធីនេះ នឹងមានការផ្តល់មហាកិត្តិយស អញ្ជើញចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ៤ ខែមេសា ឆ្នាំ ២០១៩ នេះនៅមជ្ឈមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ។

    ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជា មួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ និងបង្កភាពសប្បាយរីករាយ ជូនដល់មន្ត្រី កីឡា កីឡាករ កីឡាការិនី មកពីគ្រប់អង្គភាពកីឡានានា ទាំងអង្គការកីឡាសង្គម និងអង្គភាពកីឡារបស់រដ្ឋ រួមទាំងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (កីឡាជនពិការ) និងគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា (កីឡាបញ្ញាខ្សោយ) ។ ឯកឧត្ដមបន្ដថា ការរៀបចំនេះ យើងបាន ធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ជាមួយផ្នែកសន្តិសុខ ពិធីការ សហព័ន្ធកីឡាជាតិទាំងអស់ ។ ជាមួយគ្នានេះ កីឡាករ កីឡាការិនីទាំងអស់ត្រូវមកជួបជុំគ្នានៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក និងចេញដំណើរឆ្ពោះទៅកន្លែងពិធី នៅមជ្ឈមណ្ឌលកោះពេជ្រ វេលាម៉ោង ២ រសៀល ជាបន្តបន្ទាប់ ហើយចូលដល់ក្នុងសាល គឺនៅចន្លោះម៉ោង ៤ រសៀលថ្ងៃដដែលនោះ ដើម្បីរង់ចាំទទួលស្វាគមន៍ការអញ្ជើញដល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំផ្តល់ថវិកា ចំនួន ១០ ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់កីឡាករ កីឡាការិនី ទាំងអស់ នេះគឺជាការជំរុញ ការលើកទឹកចិត្តយ៉ាងខ្លាំងដល់ផ្នែកចិត្តសាស្រ្តកីឡាដល់អត្តពលិក និងអ្នកជំនាញកីឡា ក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ ។

    សូមបញ្ជាក់ថា ពិធីពិសាអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡា ឆ្នាំនេះមាន កីឡាករ កីឡាការិនី និងមន្ត្រីកីឡាសរុបចំនួន ៤.០៩៦ នាក់ ។ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤ ខែមេសា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់មហាកិត្តិយសរបស់សម្តេច និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជា អធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងរង្វង់មហាគ្រួសារកីឡា និងផ្តល់ជូននូវការលើកទឹកចិត្ត សម្រាប់ អត្តពលិក កម្ពុជាទាំងអស់ ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី