ការជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ រួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ

5076

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការការខិតខំបន្តជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ ។ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ ២០១៨ ត្រីមាសទី ១ ឆ្នាំ ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី ២ និងទី ៣ ឆ្នាំ ២០១៩ ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២- ៣ ខែមេសា ឆ្នាំ ២០១៩ ។

បើកម្ពុជាទប់ស្កាត់ការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍បាន ១០% បន្ថែមទៀត កម្ពុជានឹងអាចចំណេញបានប្រមាណ ៤០០ លានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នយើងនៅមានការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍ប្រមាណ ២៥% នៅឡើយ ។ លោកថា ការធ្លុះធ្លាយទូទៅក្នុងវិស័យទេសចរណ៍នេះ នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏នៅតែមានប្រមាណ ១៥% ដូចជា ការនាំចូលស្រាល្អៗជាដើម ។ ដោយឡែកក្នុងសុន្ទរកថាបើកសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលដៅយុទ្ធសាស្ត្រ ៤ វិស័យអាទិភាព ៤ អភិក្រម ៥ បាវចនា ២ របស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រទេសចរណ៍សម្រាប់ត្រីមាសទី ២ និងឆ្នាំ ២០១៩ ។ សន្និបាតក៏បានស្តាប់របាយការណ៍លម្អិតអំពីលទ្ធផល និងផែនការទិសដៅការងាររបស់នាយកដ្ឋាននីមួយៗផងដែរ ។

ពាក់ព័ន្ធនឹងការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់គោលដៅទេសចរណ៍ ត្រូវខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺការរៀបចំឱ្យមានការអភិវឌ្ឍន៍ «ខ្សែក្រវាត់បៃតង» ការខិតខំផលិតនូវផលិតផលដែលមានគុណភាព និងសោភ័ណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍ជាតិ-អន្តរជាតិ ដែលរាប់តាំងពីគ្រឿងសង្ហារឹម ផលិតផល សិប្បកម្ម កសិកម្ម ម្ហូបអាហារបន្លែ សាច់ ផ្លែឈើ ផ្កាជាដើម ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានច្រើនចំពោះការការនាំចូលពីខាងក្រៅ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពន្យល់ថា៖ ” ការធ្លុះធ្លោយថវិកាក្នុងវិស័យទេសចរណ៍នេះ មិនមែនកើតឡើងដោយសារអំពើពុករលួយ ឬការបាត់ថវិកាអ្វីនោះទេ គឺកើតឡើងដោយសារការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ដើម្បីយកមកបម្រើដល់វិស័យទេសចរណ៍ ដូចជាការនាំស្រាល្អៗ បន្លែ សាច់ សូម្បីការទិញសង្ហារឹម និងការទិញដែកពីក្រៅប្រទេសយកមកធ្វើសណ្ឋាគារ ក៏គេចាត់ទុកជាការធ្លុះធ្លាយផងដែរ ” ។

ហេតុដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាជំរុញផែនការនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែច្រើន ខណៈកម្ពុជារំពឹងទុកថា នឹងទទួលបានចំណូល ៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ និងរំពឹងថានឹងបានប្រមាណ ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ សូមជម្រាបថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជា «មាសបែតង» ដែលបាននាំថវិកាចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣,៦៣៨ លានដុល្លារ នៅឆ្នាំ ២០១៧ និងប្រមាណ ៤,៣៥៦ លានដុល្លារ នៅឆ្នាំ ២០១៨ កន្លងទៅ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី