កីឡាករឆ្នើមចំនួន ៥ រូបនេះគ្រោងនឹងដើរចេញពីក្លឹប FC Barcelona នាចុងរដូវកាលនេះ

8517

ក្លឹប FC Barcelona គឺជាក្លឹបបាល់ទាត់យក្សមួយនៅក្នុងប្រទេសអេស្ប៉ាញក៏ដូចជានៅលើពិភពលោកផងដែរ ។ ស្ទើរតែជារៀងរាល់ពេលបើកទ្វារដោះដូរកីឡាករម្តងៗ ឬពេលចប់រដូវកាលរបស់ក្លិប Barcelona ក៏ជាក្លឹបដែលមានសកម្មភាពជាងគេផងដែរ ។ ដូច្នេះហើយទើបនៅចុងរដូវកាលនេះគេរំពឹងថាក្លិប Barcelona មិនត្រឹមតែនឹងទទួលកីឡាករចំណូលថ្មីនោះទេ ប៉ុន្តែក្លឹបនេះក៏ប្រហែលជាអាចនឹងបាត់បង់កីឡាករចាស់ៗរបស់ខ្លួនមួយចំនួនធំផងដែរ ។ ខណះខាងក្រោមនេះជាកីឡាករ ៥ រូបដែលអាចនឹងត្រូវចាកចេញពីក្លឹបនាចុងក្រោយនេះ៖

៥/ កីឡាករ Philippe Coutinho

មិនមានព័ត៌មានអ្វីលាក់លៀមទៀតនោះទេចំពោះដំណឹងដែល Barcelona បានដាក់លក់កីឡាករប្រេស៊ីល ។ ក្លឹបបានប្រកាសហើយថាក្លឹបណាដែលហ៊ានផ្តល់តម្លៃចាប់ពី ៨០ លានផោនគឺសុទ្ធចិត្តលក់ឱ្យទោះបីជាកាលពីពេលទិញមកពីក្រុមហង្សក្រហម Liverpool ក្នុងតម្លៃ ១៤២ លានអឺរូក៏ដោយ ។ Barcelona បានសម្លឹងឃើញកីឡាករវ័យក្មេងមួយចំនួនមកហើយដើម្បីជំនួសកន្លែងកីឡាករប្រេស៊ីលរូបនេះ ។

៤/ កីឡាករ Rafinha

Barcelona កំពុងតែចង់ឱ្យក្លឹប Inter Milan ទិញយក Rafinha ជាកីឡាករផ្លូវការ ខណៈកីឡាកររូបនេះកំពុងលេងខ្ចីជើងនៅអ៊ីតាលី ។ តាំងពីឱ្យទៅលេងខ្ចីជើងនៅក្លិប Inter Milan មក Barcelona ក៏សម្លឹងឃើញថា Rafinha មិនមានអ្វីរីកចម្រើនខ្លាំងដូច្នេះគេប្រហែលជានឹងមិនទទួលយកកីឡាកររូបនេះមកវិញនោះទេ ។

៣/ កីឡាករ Malcom

ទើបតែទិញមកពីក្លឹប Bordeaux របស់បារាំងកាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ ៤១ លានអឺរូ ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះមិនអាចដើរតួនាទីសំខាន់នៅតំបន់ប្រយុទ្ធបានឡើយ ។ Barcelona ជារឿយៗបានដាក់ Malcom ឱ្យអង្គុយកៅអីបម្រុង ។ នៅពេលនេះ Inter Milan និងក្រុមកាំភ្លើងធំ Arsenal ក៏កំពុងចាប់អារម្មណ៍កីឡាករប្រេស៊ីលរូបនេះ ប៉ុន្តែ Barcelona បានទាមទារតម្លៃរហូតដល់ទៅ ៧០ លានអឺរូឯណ្ណោះ ។ គេដឹងថាក្លឹប Barcelona ចង់លក់ ប៉ុន្តែមិនចង់លក់ទាំងខាតនោះទេ ។

២/ កីឡាករ Ivan Rakitic

Rakitic បានទាក់ភ្នែកបិសាចក្រហម Manchester United និង Paris Saint-Germain តាំងពីដើមរដូវកាលនេះម្ល៉េះ ប៉ុន្តែពេលនោះ Barcelona ទំនងជារកអ្នកជំនួសមិនបានទើបបានជាបន្តទុកកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ។ Barcelona នៅតែជឿជាក់លើសមត្ថភាពរបស់លោក Ivan ទើបគេដាក់ឱ្យលេងក្នុងជម្រើស ១១ នាក់ដំបូងជារឿយៗ ប៉ុន្តែកីឡាករក្រូអាតរូបនេះទំនងជាចង់រកទ្រនំថ្មីដោយខ្លួនឯងច្រើនជាងនៅពេលដែល Barcelona បានចុះកុងត្រានាំយក Frenkie de Jong រួចរាល់ហើយនោះ ។

១/ កីឡាករ Thomas Vermaelen

Barcelona បានទិញកីឡាករបែលហ្ស៊ិករូបនេះពីក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ លានអឺរូ ។ ប៉ុន្តែ Vermaelen ធ្វើមិនបានល្អនោះទេដោយសារកត្តាសុខភាព ។ ក្លិប Barcelona ក៏ធ្លាប់បញ្ចូនកីឡាកររូបនេះទៅលេងខ្ចីជើងក្នុងក្លឹប Roma មួយរដូវកាលផងដែរ ប៉ុន្តែពេលត្រលប់មកវិញ គេហាក់ដូចជានៅតែមិនមែនជាទំនុកចិត្តសម្រាប់គ្រូបង្វឹក ។ ជារឿយៗគេត្រូវបានដាក់ឱ្យនៅបម្រុង ។ ជាពិសេសនៅពេលនេះកុងត្រារបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលនេះហើយ ហើយក៏គ្មានដំណឹងថាក្លិប Barcelona នឹងបន្តកុងត្រាថ្មីនោះដែរ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី