
ក្លឹបបាល់ទាត់ Southampton បានធ្វើការប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹករបស់ខ្លួនគឺលោក Pellegrino ក្រោយពីលោកមិនអាចដឹកនាំក្រុមឲ្យទទួលបានលទ្ធផលល្អ ដោយ ១៧ ប្រកួតចុងក្រោយ លេងឈ្នះតែម្ដងប៉ុណ្ណោះ និងកំពុងឈរលេខរៀងទី១៧ក្នុងតារាង។
ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Pellegrino កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមនេះចាញ់ក្រុម Newcastle United ក្នុងលទ្ធផល ៣ – ០
ដែលធ្វើឲ្យក្រុមមួយនេះឈរនៅលេខរៀងទី ១៧ ដោយមានពិន្ទុលើសក្រុមដែលស្ថិតក្នុងតំបន់កាត់ចោលតែមួយពិន្ទុប៉ុណ្ណោះ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកកាន់តំណែងកាលពីរដូវក្ដៅឆ្នាំទៅ ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ បន្ទាប់ពីដឹកនាំក្រុមចាញ់ការប្រកួតជាបន្តបន្ទាប់។
ជំនួយការគ្រូបង្វឹកគឺលោក Carlos Compagnucci និង Xavier Tamarit ក៏បានចាកចេញផងដែរ។ ក្លឹប Southampton បានឲ្យដឹងថា ពួកគេនឹងស្វែងរកអ្នកចាត់ការថ្មី ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយការស្វែងរក
កំពុងតែដំណើរការ។សម្រាប់ប្រកួតបន្ទាប់គឺក្រុមនេះនឹងត្រូវប៉ះ West Ham United នៅថ្ងៃទី ៣១ ខែ មីនា ខាងមុខនេះ៕
ដោយ៖ Dara Hunii