
Jose Mourinho មិនបានសំចៃមាត់របស់គាត់ទេ នៅពេលដែលឆ្លើយតបទៅនឹងការរិះគន់របស់អតីតគ្រូបង្វឹករបស់ Crystal Palace លោក Frank de Boer ។
អំឡុងសន្និសីទកាសែតរបស់ Mourinho សម្រាប់ការប្រកួតនៅក្របខណ្ឌ UEFA Champions League នៅថ្ងៃអង្គារជាមួយ Sevilla គ្រូបង្វឹករបស់ Manchester United ត្រូវបានគេចោទសួរថាតើ Marcus Rashford ធ្វើបានល្អគ្រាប់គ្រាន់ហើយឬនៅសម្រាប់ជ័យជម្នះក្នុងលទ្ធផល ២-១ លើ Liverpool ដើម្បីអាចរក្សាតំណែងនៅក្នុងតារាងបានដដែល។
អតីតកីឡាករជម្រើសជាតិរបស់ហូឡង់រូបនេះបានធ្វើការសរសើរដល់ Rashford ហើយបាននិយាយថា វាគួរឲ្យសោកស្តាយ ដែលគាត់ទៅលេងក្រោមកាដឹកនាំ Mourinho ដែលជាមនុស្សផ្តោតតែលើលទ្ធផលប៉ុណ្ណោះ ហើយមិនមែនជាគ្រូបង្វឹកដែលនៅតែបន្តលើកទឹកចិត្តគាត់ ទោះបីជាគាត់លេងមិនបានល្អនៅក្នុងមួយ ឬពីរប្រកួតក៏ដោយនោះទេ។ មតិនេះច្បាស់ណាស់បានធ្វើឲ្យ Mourinho ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយបានធ្វើការវាយបកទៅវិញដើម្បីសងសឹក ដោយបានលើកឡើងនូវរយៈពេលដ៏ខ្លីនៃការកាន់តំណែងដ៏បរាជ័យរបស់ De Boer ក្នុងនាមជាអ្នកចាត់ការរបស់ Crystal Palace កាលពីដើមរដូវកាលនេះ។ Mourinho បាននិយាយថា៖ «ខ្ញុំបានអានសម្រង់សម្តីមួយចំនួនពីគ្រូបង្វឹកដ៏អន់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Premier League លោក Frank de Boer ដែលធ្វើការប្រកួតប្រាំពីរលើក ចាញ់ប្រាំពីរលើក ហើយរកមិនបានសូម្បីតែមួយគ្រាប់»។
«គាត់បាននិយាយថា វាមិនល្អសម្រាប់ Marcus Rashford ទេដែលមានគ្រូបង្វឹកដូចជារូបខ្ញុំនោះ ព្រោះអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំនោះគឺការឈ្នះតែមួយមុខប៉ុណ្ណោះ»។
«ប្រសិនបើគាត់ត្រូវបានដឹកនាំដោយ Frank វិញ នោះគាត់នឹងចេះពីរបៀបចាញ់មិនខាន ព្រោះ Frank ទទួលបរាជ័យនៅគ្រប់ការប្រកួតទាំងអស់»។
ដោយ៖ Dara Hunii