Messi បំបែកកំណត់ត្រា Casillas ក្លាយជាកីឡាករដែលទទួលជ័យជម្នះច្រើនបំផុតនៅ Laliga

13290
  • ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាដែលបង្កើតដោយអ្នកចាំទី Iker Casillas ជាកំណត់ត្រាចំនួនជ័យជម្នះក្នុងលីគកំពូលអេស្ប៉ាញ ( Laliga ) ក្រោយពេលដែលគេបានជួយឱ្យក្លឹប Barcelona ឈ្នះក្លឹប Atletico Madrid កាលពីថ្ងៃសៅរ៍ ។

    Casillas ដែលជាអតីតអ្នកចាំទីរបស់ក្លឹប Real Madrid មានតួលេខជ័យជម្នះ ៣៣៤ លើកក្នុងលីគកំពូលអេស្ប៉ាញ មុនពេលដែលគាត់ចាកចេញទៅលេងនៅក្លឹប Porto កាលពីឆ្នាំ ២០១៥ បន្ទាប់ពីលេងក្នុងនាមជាអ្នកចាំទីដៃទី ១ របស់ Real Madrid អស់រយៈពេលចំនួន ១៦ ឆ្នាំ ។ ប៉ុន្តែ Messi ដែលបានជួយឱ្យក្រុម Barcelona ឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ២ ទល់នឹង ០ បានបំបែកកំណត់ត្រារបស់ Casillas បន្ទាប់ពីតាមបានស្មើកំណត់ត្រាមួយនេះ ក្នុងការប្រកួតជាមួយក្លឹប Espanyol កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។

    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលវ័យ ៣១ ឆ្នាំរូបនេះបានអាចបានបំបែកកំណត់ត្រាមួយនេះតាំងពីការប្រកួតក្រៅទឹកដីជាមួយក្លឹប Villarreal កាលពីថ្ងៃពុធមកម្ល៉េះ ប៉ុន្តែ Barcelona បានត្រឹមទទួលលទ្ធផល ៤ ស្មើប៉ុណ្ណោះ ។ កីឡាករ Luis Suarez រកបានគ្រាប់បាល់មួយគ្រាប់ពីការស៊ុតចម្ងាយដ៏ល្អនៅនាទីទី ៨៥ ហើយមិនយូរប៉ុន្មានក៏កីឡាករ Messi បានជួយថែមមួយគ្រាប់ទៀតជួយឱ្យក្រុម Barcelona កាន់តែមានទំនុកចិត្តក្នុងការឈានទៅរកតំណែងជើងឯកលីគកំពូលអេស្ប៉ាញនារដូវកាលនេះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី