ក្រុមហ៊ុនជប៉ុន បោះទុនវិនិយោគជាង ៥០០ លានដុល្លារប្រែក្លាយទីក្រុងធម្មជាតិគីរីរម្យ ឱ្យកាន់តែទំនើប

6223

លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុនជប៉ុន A2A Town (កម្ពុជា) ខូអិលធីឌី បានបញ្ជាក់ថាក្រុមហ៊ុនលោកមានចក្ខុវិស័យក្នុងការប្រែក្លាយទីក្រុងធម្មជាតិគីរីរម្យឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាពតាមរយៈការនាំមកនូវរថយន្តអគ្គិសនីជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែម សម្រាប់និស្សិតខ្មែរ និងជប៉ុន ដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T) ដើម្បីចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម ៤.0០ និងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន ។

ការលើកឡើងខាងលើនេះធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា កាលពីរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះលោក ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងបានលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗសំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិនឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលទីក្រុងមួយនេះ ។

បន្ថែមពីនេះលោករដ្ឋមន្រ្តីបានកោតសរសើរគំនិតច្នៃប្រឌិតរបស់លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ដែលបានវិនិយោគប្រែក្លាយតំបន់ឧទ្យានជាតិព្រះសុរាម្រិត – កុសុមៈ ទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ( K.I.T ) ដើម្បីផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដ ពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យាព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះប្រកបដោយនិរន្តរភាពដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេស កម្ពុជា ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាក្រុមហ៊ុន A2A Town (កម្ពុជា) ខូអិលធីឌី បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១ លានដុល្លារជាមួយដៃគូវិនិយោគនៅកម្ពុជាដើម្បីអភិវឌ្ឍតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត – កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិបំពេរអារម្មណ៍ភ្ញៀវដែលទៅកម្សាន្ត ។ បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សាដល់និស្សិតខ្មែរជាង ២០០ នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋានប្រមាណជាង ៤៥០ នាក់ផងដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី