ទោះជួយឱ្យ Twitter រកចំណូលរាប់ពាន់លានដុល្លារក៏ដោយក៏មេក្រុមហ៊ុននេះទទួលបានប្រាក់បៀវត្សត្រឹមតែ ១,៤០ ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ

13660
  • សហស្ថាបនិករបស់ Twitter លោក Jack Dorsey ទទួលបានប្រាក់បៀវត្សជាលើកដំបូងសម្រាប់ឆ្នាំ ២០១៨ ក្រោយពីត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមនេះបាន ៤ ឆ្នាំមកហើយនោះ ។

    ផ្អែកតាមឯកសារគណៈកម្មាធិការមូលប័ត្ររបស់ក្រុមហ៊ុន Twitter បានបង្ហាញថាប្រាក់ប្រចាំឆ្នាំ ២០១៨ ដែលលោក Jack ទទួលបានគឺមានត្រឹម ១,៤០ ដុល្លារប៉ុណ្ណោះ ។ រយៈពេល ៣ ឆ្នាំកន្លងទៅនាយកក្រុមហ៊ុនរូបនេះបានប្រកែកមិនទទួលយកប្រាក់រង្វាន់ឬប្រាក់លើកទឹកចិត្តអ្វីនោះទេ ។ ហើយនៅឆ្នាំ ២០១៨ នេះក៏ដូចគ្នាដោយលោកទទួលយកតែប្រាក់បៀវត្ស ១,៤០ ដុល្លារនេះប៉ុណ្ណោះ ។ ចំនួនប្រាក់បៀវត្សនេះមិនមែនជាតួលេខចៃដន្យនោះទេ ។ សារព័ត៌មានជាច្រើនលើកឡើងថាវាជាការតំណាងឱ្យការកំណត់តួអក្សរត្រឹម ១៤០ តួនៅលើបណ្ដាញ Twitter បានតាំងពីដំណើរការឆ្នាំ ២០០៦ មក ។

    នៅចុងឆ្នាំ ២០១៧ បណ្ដាញសង្គម Twitter បានបង្កើនចំនួនតួអក្សរដែលខ្លួនកំណត់ឡើងដល់ ២៨០ តួវិញ ។ គេមិនច្បាស់ថាប្រាក់បៀវត្សនៅឆ្នាំ ២០១៩ របស់លោក Jack នឹងឡើងទ្វេដងតាមតួអក្សរដែរឬយ៉ាងណានោះទេ ៕

    ដោយ៖ បូណា

    ប្រភព :
    sputniknews
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី