ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ កម្ពុជា នឹងមាន ភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់

21282
  • ទឹកភ្លៀងកក់ខែក្នុងបរិមាណបង្គួរនៅស្ទើរទូទាំងប្រទេសនឹងកើតមានសារជាថ្មីអំឡុងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ។ នេះបើតាមការឱ្យដឹងពីលោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ នេះ ។

    លោកពន្យល់ថាការកើតឡើងនូវបាតុភូតខាងលើនេះដោយសារឥទ្ធិពលជ្រលងសម្ពាធទាបរុញមកពីប្រទេសថៃជួបប្រសព្វនឹងសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូង (កើត) នៅលើប្រទេសកម្ពុជា ។ ព្រមពេលជាមួយនឹងការធ្លាក់ភ្លៀងនេះក៏មានរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងខ្លាំងដែរត្រូវប្រុងប្រយ័ត្ន ។ ឥទ្ធិពលនេះនឹងបង្កឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមេសា នៅតំបន់ខ្ពង់រាបភាគខាងជើងរុញចុះមកតំបន់ទំនាបកណ្តាលភាគខាងត្បូងរហូតដល់តំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរនៅតំបន់ជួរព្រំដែនកម្ពុជា-វៀតណាម អំឡុងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ។

    លោក ចាន់ យុត្ថា ឱ្យដឹងទៀតថានៅមុនពេលមានភ្លៀងធ្លាក់បរិយាកាសមានសភាពក្តៅហប់ ហើយមានខ្យល់ខ្លាំងកើតឡើងមុននឹង មានភ្លៀងធ្លាក់មកដល់ ។ ភ្លៀងកក់ខែអាចនឹងកើតមានច្រើនថ្ងៃនេះ តែមិនបានធ្វើសីតុណ្ហភាពអតិបរមានថយចុះនោះទេគឺនៅតែស្ថិតក្នុងរង្វង់ ៣៩ អង្សាសេដដែល ។ ទោះបីជាមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់មកហើយយ៉ាងណាក៏ដោយក៏រដូវវស្សាឆ្នាំនេះនៅតែចូលមកដល់យឺតជាងឆ្នាំធម្មតាដោយសារប្រទេសកម្ពុជានៅបន្តរងដោយប្រយោលពីឥទ្ធិពលបាតុភូតអែលនីណូ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី