កីឡា ៨ ប្រភេទ ទាំងកីឡាទំនើបនិងកីឡាប្រពៃណី ដាក់ឱ្យប្រកួតអបអរសាទរសង្គ្រានឆ្នាំ ២០១៩ នៅខេត្តកណ្តាល

28386
  • មានកីឡា ៨ ប្រភេទ ទាំងកីឡាបែបទំនើប និងកីឡាប្រពៃណី ដាក់ឱ្យប្រកួតអបអរសាទរសង្រ្កានឆ្នាំថ្មី ២០១៩ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល ក្នុងនោះកីឡាបាល់ទាត់បានដំណើរការប្រកួតហើយ លើទីលាន ចំនួន ២ រួមមាន ទីលានកីឡាដ្ឋានខេត្តកណ្តាល និងទីលានសាលាកុរុកោសល្យភាគភូមិភាគ ។

    លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ៨ ប្រភេទកីឡា ដែលមន្ទីរអប់រំយុវជនខេត្តកណ្តាល ដាក់ឱ្យប្រកួតប្រជែងនោះមានដូចជា កីឡាបាល់ទាត់ បាល់ទះ ទាញព្រ័ត្រ តេក្វាន់ដូ ប្រដាល់គុនខ្មែរ កីឡាចំបាប់បុរាណ កីឡាអត្តពលកម្ម និងអុកចក្រត្រង្គ ហើយប្រភេទកីឡាទាំងនោះ បានដំណើរការប្រកួតជាបណ្តើរៗហើយ ក្នុងនោះបាល់ទាត់ដំណើរមុនគេ ដោយបានចាប់ផ្តើមប្រកួត តាំងពីថ្ងៃទី ៧ ខែមេសា មកម្លេះ ។ លោកប្រធានការិយាល័យ បញ្ជាក់ទៀតថា ប្រភេទកីឡាទាំង ៧ នេះ និងធ្វើការប្រកួតជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ៧ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែមេសា ទើបបញ្ចប់ការប្រកួតផ្លូវការ ។

    លោកប្រធានការិយាល័យកីឡារូបនេះ អះអាងថា ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើមពីឯកឧត្តម អភិបាលខេត្តកណ្តាល ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ហើយក៍ជាការបំផុសឱ្យវិស័យកីឡា នៅក្នុងខេត្តឱ្យមានសកម្មភាពកាន់តែផុសផុល ជាពិសេសដើម្បីស្វែងរកធនធានកីឡាករការិនីល្អៗតំណាងឱ្យខេត្ត ត្រៀមចូលរួមប្រជែងកីឡាជាតិ លើកទី ៣ នាឆ្នាំ ២០២០ ។
    គួររំលឹកថា ក្នុងឆ្នាំ ២០១៩ នេះ ក្រុមបាល់ទាត់អាយុក្រោម ១៧ ឆ្នាំ ទើបជាប់ជើងឯករងទូទាំងប្រទេស និងបាល់ទាត់នារីទទួលបានចំណាត់លេខ ២ ទូទាំងប្រទេស ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអប់អរសាទសង្រ្គាន្តក្រុងតាខ្មៅដែល ខេត្តកណ្តាលរៀបចំនេះ បាល់ទាត់មានក្រុមចូលរួមចំនួន ២១ ក្រុម ក្នុងនោះមានក្រុមបាល់ទាត់នារីចំនួន ៤ ក្រុម កីឡាបាល់ទះមានក្រុមចូលរួមចំនួន ៤ ក្រុម អត្តពលកម្ម និងទាញព្រ័ត្រមាន ២០ ក្រុម ក្រៅពីនោះប្រភេទកីឡាផ្សេងទៀតមានអ្នកចូលរួមប្រកួតជាច្រើន ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី