សហព័ន្ធអេឡិចត្រូនិកអនុញ្ញាតឲ្យក្រុមហ៊ុន Montoon រៀបចំប្រកួតវិញ្ញាសា Mobile Legends Bang Bang ត្រៀមស៊ីហ្គេមនៅហ្វីលីពីន

7297

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន Gentec Work Co.LTD បានរៀបចំការប្រកួតឡើងដើម្បីអភិវឌ្ឍវិញ្ញាសា Mobile Legends ដែលជាវិញ្ញាសា ដែលត្រូវបានគណៈរៀបចំប្រកួត ស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាខែ វិច្ឆិកា ឆ្នាំ ២០១៩ ដាក់ឲ្យប្រកួត ។

ថ្លែងនៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃពុធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា លោក លន់ សាមឺឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួត Mobile Legends: Bang Bang គឺជាវិញ្ញាសាមួយ ដែលលេងនៅលើទូរស័ព្ធ ៥ ទល់ ៥ ដែលចេញផ្សាយ កាលពីឆ្នាំ ២០១៦ និងទទួលបានការគាំទ្រពេញពិភពលោកជាពិសេសនៅក្នុងតំបន់ អាស៊ានតែម្តង ក្នុងនោះកម្ពុជាក៏មានអ្នកលេងច្រើន និងមានក្រុមអ្នកលេងខ្លាំងៗដូចគ្នាផងដែរ ។ សហព័ន្ធ E-Sport កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន Gentec Work Co.,LTD រៀបចំការ ប្រកួតនេះឡើងដើម្បីអភិវឌ្ឍវិញ្ញាសា Mobile Legends ដោយកម្មវិធី Mobile Legends: Bang Bang នេះត្រូវបានផលិត និងអភិវឌ្ឍដោយក្រុមហ៊ុន Montoon ដែលបង្កើតការប្រកួតប្រចាំ តំបន់ដ៏ធំនេះ MLBB South East Asia Cup ហៅកាត់ MSC ដែល មានប្រាក់រង្វាន់សរុបរហូតដល់ ៦០០០ ដុល្លារ សហរដ្ឋអាមេរិក ។

ការប្រកួតនឹងបើកឲ្យចុះឈ្មោះពីថ្ងៃទី ១០ រហូតដល់ទី ២៤ ខែមេសា ឆ្នាំ ២០១៩ នេះ ឬនៅពេលគ្រប់ចំនួន ១២៨ ក្រុម ។ ការប្រកួតជំរុះលក្ខណៈ អនឡាញ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភា រហូតដល់នៅសល់ ៤ ក្រុម ចុងក្រោយទើបប្រកួតនៅលើឆាកធំ នាថ្ងៃទី ១៨ ខែឧសភា តែម្តង ។ ចំពោះក្រុមជ័យលាភីដែលជាប់ចំណាត់ថ្នាក់ លេខ ១ នឹងទទួលបានប្រាក់រង្វាន់ និងកៅអីទៅប្រកួតជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត នៅប្រទសហ្វីលីពីន ដែលក្រុមហ៊ុន Montoon ជាអ្នករ៉ាប់រងបន្ទុកធ្វើដំណើរការស្នាក់នៅ និងម្ហូបអាហារតែម្តង ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី