កុំចេះតែហ៊ាន!!! អ្នកបង្ហោះ និង Share រូបស្រីដែលស្លៀកពាក់សិចស៊ីក្នុងឱកាសចូលឆ្នាំ ត្រូវប្រឈមជាប់គុក

16177

ប៉ូលីសថៃ បានព្រមានថាអ្នកដែលបង្ហោះ ឬការចែករំលែករូបភាព និងវីដេអូនារី ឬភេទទី ៣ ស្លៀកពាក់មិនសមរម្យលេចលើលេចក្រោមក្នុងឱកាសអបអរពិធីបុណ្យសង្រ្កាន្តនៅថៃ នឹងត្រូវទទួលរងការពិន័យជាប្រាក់ឬជាប់ពន្ធនាគារ ។ អ្នកដែលនៅក្នុងរូបថតឬវីដេអូនោះ (អ្នកស្លៀកពាក់មិនសមរម្យ) ក៏ប្រឈមនឹងការពិន័យនេះដែរ ។

ការព្រមានដែលធ្វើឡើងដោយអនុប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសបច្ចេកវិទ្យារបស់ថៃលោក Siriwat Dipho កាលពីថ្ងៃពុធបានឱ្យដឹងថា គឺចំពេលនេះដែលបានអាជ្ញាធរ ថៃកំពុងរៀបចំពង្រឹងច្បាប់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំថៃដែលចាប់ផ្ដើមនាថ្ងៃចុងសប្ដាហ៍នេះ ។ មាត្រា ១៤ នៃក្រមព្រហ្មទណ្ឌបច្ចេកវិទ្យាថៃបានចែងថាអ្នកដែលបង្ហោះ និងចែករំលែករូបភាពមិនសមរម្យនឹងប្រឈមទោសអតិបរមាជាប់ពន្ធនាគារ ៥ ឆ្នាំ ឬពិន័យជាប្រាក់ដល់ ១០ ម៉ឺនបាត ( ជាង ៣១០០ ដុល្លារអាមេរិក ) ។

លោក Siriwat បានបន្ថែមថា ប៉ូលីសប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងអាចកំណត់ទីតាំងអ្នកប្រព្រឹត្តិល្មើសបាន មិនថាពួកគេនៅទីណានោះទេ ។ នៅពេលចាប់ខ្លួនពួកគេមិនអាចប្រកែកថាបង្ហោះ ឬចែករំលែកដោយអចេតនា ឬមិនបានដឹងពីច្បាប់ដើម្បីគេចពីការពិន័យនោះទេ ។

គួររំលឹកផងដែរថា រូបភាពឬវីដេអូបង្ហាញពីស្រីៗស្លៀកពាក់សិចស៊ីខ្លាំងត្រូវបានគេឃើញយ៉ាងច្រើននៅលើបណ្ដាញសង្គមឱ្យតែដល់ពេលសង្រ្កាន្តថៃម្ដងៗ ។ លោក Siriwat ថាទង្វើនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ថៃ ។ សូមបញ្ជាក់ថា សង្រ្កាន្តឬពិធីបុណ្យចូលឆ្នាំថៃក្នុងឆ្នាំ ២០១៩ នេះធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែ មេសា ប៉ុន្តែជាទូទៅប្រជាជនថៃ អបអរពិធីបុណ្យនេះចាប់ពី ថ្ងៃ ១១ ដល់ទី ១៧ ខែមេសា ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី