តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម រួមតារាល្បីៗផ្សេងទៀតនឹងបង្ហាញខ្លួនបំបែកកំណត់ត្រារាំវង់សង្ក្រាននៅកូរ៉េ

33566
  • យោងតាមការបង្ហោះនៅលើបណ្តាញសង្គមពីសំណាក់ស្ថានភាពទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជាទៅច្រៀងរាំជាមួយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២០ ខែមេសា ឆ្នំា ២០១៩នេះ ហើយអមដោយតារាល្បីៗពីកម្ពុជាប្រមាណជាង ១០ រូបផ្សេងទៀត ។

    សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុន ក្រោមការបោះទុនរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ ។ យ៉ាងណាមិញសង្ក្រានឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៍ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា ។ ព័ត៍មានផ្លូវការបានអះអាងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ និងដៃគូសហការនៅក្នុងឆ្នាំនេះ នឹងធ្វើសង្ក្រានជូនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយយាមគម្រោងនឹងមានបងប្អូនខ្មែររហូតដល់រាប់មុឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍េរាំលេងជាប្រវត្តិសាស្ត្រធំមួយនៅក្នុងសង្ក្រាននោះ ។ តារាចម្រៀងល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើឱ្យកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីឱ្យបងប្អូនខ្មែរជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ ។

    ហេតុផលដែលសង្ក្រាននៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅងថ្ងៃទី ២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៍ព្រោះតែក្នុងប្រទេសនោះមិនមានការអនុញ្ញាតិឱ្យឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងប៑ូសាន ដោយក្រៅតែពីច្រៀងរាំ ក៍មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ ។ តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo លោក ប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត ។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត ។ សង្ក្រាននេះគម្រោងនឹងប្រមូលមូលនិធិជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថា នឹងកក្រើកមិនចាញ់កាលលោក ព្រាប សុវត្ថិ ទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី