លោក Solskjaer ចាប់ផ្ដើមបន្ទោសកូនក្រុម បន្ទាប់ពីទទួលលទ្ធផលមិនល្អទាំងនៅ PL និង UCL

6260

ក្លឹបបិសាចក្រហម Manchester United កំពុងឋិតក្នុងស្ថានភាពមួយលំបាក ។ ក្រោយពេលដែលក្លឹបនេះបានបង្ហាញឆន្ទៈសម្រុកចូលទៅក្នុងចំណោម ៤ ក្រុមនៅកំពូលតារាងពួកគេបែរជាជួបនឹងជោគវាសនាមិនសូវល្អទៅវិញ ។ បរាជ័យក្រោមស្នាដៃក្លឹបមួយចំនួនដូចជាចចកខ្មៅ Wolves, ក្លឹបកាំភ្លើងធំ Arsenal និងក្រុមអ្នកមានបុណ្យ Barcelona បានធ្វើឱ្យអ្នកចាត់ការលោក Ole Gunnar Solskjaer ជួបនឹងបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ ។

កីឡាកររបស់គាត់មិនបានឆ្លើយតបតាមការទាមទាររបស់គាត់នោះទេ ហើយគាត់ក៏មិនក្រែងញញើតដែរក្នុងការនិយាយឱ្យពួកគេដឹងនៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងក្រោយពីក្រុមបិសាចក្រហម Manchester United ត្រូវធ្លាក់ចេញពីការប្រកួត UEFA Champion League ដោយចាញ់ក្លឹបខ្លាំងរបស់អេស្ប៉ាញ FC Barcelona ។

អ្នកចាត់ការរូបនេះបាននិយាយថា៖ ” កីឡាករមួយចំនួនធំបានធ្វើឱ្យខ្ញុំពេញចិត្តចំពោះអត្តចរិតរបស់ពួកគេ ។ ប៉ុន្តែក៏មានកីឡាករមួយចំនួនផ្សេងទៀតដែលត្រូវធ្វើការស្វ័យពិចារណាចំពោះស្ថានភាពបច្ចុប្បន្នរបស់គេដែរ ។ ខ្ញុំបានជជែកជាមួយពួកគេដោយផ្ទាល់ដែលក្នុងនោះក៏មាន Anthony Martial ផងដែរ ហើយពួកគេដឹងថាក្លឹបចង់បានអ្វីខ្លះពីពួកគេ ។ គេជាកីឡាករម្នាក់ដែលមានទេពកោសល្យគេបានចុះកុងត្រាថ្មីជាមួយក្លឹបរួចហើយ ហើយគេក៏ដឹងដែរថាយើងជឿជាក់លើរូបគេហេតុនេះគេចាំបាច់ត្រូវប្រឹងប្រែងបន្ថែមទៀត ” ។

លោក Ole បន្តទៀតថា៖ ” កីឡាករគ្រប់រូបដែលលេងឱ្យក្លឹបបិសាចក្រហម Manchester United ត្រូវសម្រេចលទ្ធផលដើម្បីអាចបន្តលេងក្នុងក្រុមនេះបានហើយ Anthony ក៏មិនខុសពីខ្សែប្រយុទ្ធផ្សេងៗទៀតដូចជា Marcus Rashford , Romelu Lukaku និង Alexis Sanchez ដែរ គឺយើងអាចជ្រើសរើសយកអ្នកណាមកលេងក៏បាន ។ ពេលដែលអ្នកប្រកួតនៅក្នុងកីឡដ្ឋានមួយដ៏ធំអ្នកចាំបាច់ត្រូវប្រឹងប្រែងព្រោះអ្នកគ្មានកន្លែងដែលអាចពួនលាក់ខ្លួនបាននោះទេ ” ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី