
តាមរយៈសារអេឡិចត្រូនិកដែលផ្ញើទៅកាន់ សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) FIFA បានដកបម្រាមក្នុងការប្រកួតអន្តរជាតិលើក្រុមប៉ាគីស្ថាន ដែលខ្លួនបានដាក់កាលពីខែ តុលា ឆ្នាំ ២០១៧ កន្លងទៅក្រោមបទចោទប្រកាន់ថា មានការអន្តរាគមន៍ពីជនទីបីទៅក្នុងកិច្ចការរបស់សហព័ន្ធ ពាក់ព័ន្ធនឹងការជ្រើសរើសប្រធានសហព័ន្ធ។
ឆ្អឹងដែលបានជាប់គាំងក្នុងបំពង់ករបស់ប៉ាគីស្ថានតាំងពីឆ្នាំ ២០១៥ ក្រោយត្រូវបានចោទថាការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធគឺលោក Faisal មានលក្ខណៈនយោបាយក្រោយតុលាកំពូលសម្រេចតែងតាំងប្រធានសហព័ន្ធរូបនេះ។ ដោយសារបញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយនេះហើយទើបធ្វើឲ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ខកខានមិនបានប្រកួតលក្ខណៈអន្តរជាតិតាំងពីការប្រកួតជម្រុះ World Cup ដែលចាញ់ក្រុម យ៉េមិន ក្នុងលទ្ធផល ៣-១ កាលពីឆ្នាំ ២០១៥ មកម្លេះ។
ដំណឹងទាក់ទងនឹងការដកបម្រាមរបស់ FIFA ធ្វើឲ្យរញ្ជួយវិស្ស័យបាល់ទាត់ប៉ាគីស្ថានឡើងវិញ ដែលស្ទើរគ្រប់គ្នាបានបញ្ជាក់ពីការត្រូវខិតខំប្រឹងប្រែងឆ្ពោះទៅមុខ និងធ្វើឲ្យបាល់ទាត់ប៉ាគីស្ថាន មានជីវិតរស់ឡើងវិញ។
គួរបញ្ជាក់ផងដែរថា បម្រាមរបស់ FIFA មិនមែនប៉ះពាល់តែចំពោះការប្រកួតជាលក្ខណៈអន្តរជាតិតែមួយមុខទេ តែវានឹងប៉ះពាល់ដល់ថវិកាសម្រាប់ការអភិវឌ្ឍវ័ស្ស័យបាល់ទាត់ទាំងមូលផងដែរ ៕
ដោយ៖ Dara Hunii