ពិធីដាក់រាជ្យជាផ្លូវការរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នឹងរៀបចំធ្វើឡើងនៅចុងខែនេះ

7558

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តជាផ្លូវការថា នឹងប្រារព្វពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នៅថ្ងៃទី ៣០ ខែមេសានេះ ហើយសម័យកាលអធិរាជថ្មី ឬសករាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា រៃវ៉ា «Reiwa» វិញ ហើយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងពន្យល់ពីអត្ថន័យនៃពាក្យនេះបន្ថែមក្នុងពិធីថ្លែងសារមួយទៅកាន់ប្រជាជាតិជប៉ុន ។

សម័យកាលអធិរាជថ្មីរបស់ជប៉ុន រៃវ៉ា មានន័យថា «ភាពសុខដុម» នឹងត្រូវជំនួសសម័យកាលអធិរាជ ហ៊ៃសី មានន័យថា «សន្តិភាពឈ្នះគ្រប់ទីកន្លែង» នៃប្រចៅអធិរាជបច្ចុប្បន្ន អាគីហ៊ីតុ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩ នេះ នៅពេលដែលព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ ក្លាយជាព្រះចៅអធិរាជថ្មី ។ ព្រះអង្គម្ចាស់ ណារុហ៊ីតុ នឹងចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិតាមបែបប្រពៃណីធំមួយក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីព្រះចៅអធិរាជ អាគីហ៊ីតុ ដាក់រាជ្យជាផ្លូវការនៅថ្ងៃទី ៣០ ខែមេសានេះ បញ្ចប់សម័យកាលអធិរាជ ហ៊ៃសី ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ ១៩៨៩ មក ។

គួរបញ្ជាក់ថា ព្រះចៅអធិរាជ អាគីហ៊ីតុ នឹងក្លាយអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យសម្បត្តិក្នុងរយៈពេលជាង ២០០ ឆ្នាំមកនេះ ហើយមូលហេតុចម្បងនៃការដាក់រាជ្យនេះ គឺដោយសារទ្រង់មានបញ្ហាព្រះរាជសុខភាព ខណៈទ្រង់មានព្រះជន្មាយុ ៨៥ ព្រះវស្សាទៅហើយ និងមិនអាចទ្រាំទ្រនឹងរាជកិច្ចយ៉ាងច្រើនទៀតនោះឡើយ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី