អតីតកីឡាករ Arsenal ម្នាក់ ស្បថថា បើ Spurs លើកពាន UCL លោកនឹងផ្លាស់ទៅនៅអូស្ត្រាលី ភ្លាម

13401
  • ជាទូទៅ និងជាទម្លាប់យូរលង់ណាស់មកហើយគេបានចាត់ទុកថាក្លឹប Arsenal និងក្លឹប Tottenham Hotspur គឺជាក្លឹបគូសត្រូវនឹងគ្នា (rivalries) ។ គេចាត់ទុកយ៉ាងដូច្នេះព្រោះថាក្លឹបទាំង ២ នេះសុទ្ធតែមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ដូចគ្នា ។ ប្រការនេះហើយបានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal នៅចក្រភពអង់គ្លេសមិនដែលចង់ឃើញក្រុម Tottenham បានឡើងខ្ពស់ជាងខ្លួននោះឡើយ ។ ហើយជាការកត់សម្គាល់នៅពេលមានជំនួបទល់នឹងក្រុម Tottenham ក្រុមកាំភ្លើងធំ Arsenal ម្តងៗគេត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះរឿងសន្តិសុខ ព្រោះថាអ្នកគាំទ្រក្លឹបទាំង ២ អាចមានបញ្ហានឹងគ្នា ។

    ងាកមកនិយាយពីអតីតកីឡាករក្រុមកាំភ្លើងធំ Arsenal លោក Perry Groves ដែលមានឈ្មោះល្បីល្បាញក្នុងអំឡុងទស្សវត្ស ៨០ និង ៩០ និងបច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់ក្នុងប្រព័ន្ធផ្សព្វផ្សាយវិញ ។ គាត់បានអះអាងថាគាត់ពិតជាមិនអាចទ្រាំឃើញក្រុម Tottenham លើកពានក្របខ័ណ្ឌ Champions League ហើយក្រុមកាំភ្លើងធំ Arsenal លើកពានក្របខ័ណ្ឌ Europa League ក្នុងរដូវកាលតែមួយបាននោះទេ ។ និយាយដូច្នេះព្រោះលោកសង្ឃឹមថាក្រុមកាំភ្លើងធំ Arsenal របស់លោកក៏នឹងក្លាយជាជើងឯកក្របខ័ណ្ឌ Europa League ដែរខណៈពេលនេះក្រុមកាំភ្លើងធំ Arsenal បានឆ្លងផុតឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ។

    លោក Perry និយាយថា៖ ” ប្រសិនបើ Spurs ឈ្នះពានរង្វាន់ Champions League ខ្ញុំទៅហើយ ខ្ញុំនឹងទៅអូស្ត្រាលី ។ អ្នកគួរតែស្រម៉ៃមើលទៅថាមានក្រុមជាច្រើនព្យាយាមពេញមួយរដូវកាលដើម្បីឡើងដល់ក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រហើយឈ្នះវា ហើយក្រុមអង់គ្លេសផ្សេងទៀតពិតជាអស្ចារ្យណាស់ ។ ខ្ញុំទទួលស្គាល់ថាខ្ញុំគោរពលោក Pochettino យើងត្រូវតែផ្តល់តម្លៃចំពោះការងារល្អរបស់គាត់នៅរដូវកាលនេះ ។ ទោះបីជា Harry Kane របួសរហូត ហើយ Spurs មានធនធានកីឡាករតិចក៏ដោយ ។ ខ្ញុំគិតថាគាត់ឬក៏លោក Jurgen Klopp នឹងក្លាយជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំ ប្រសិនបើពួកគាត់ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ” ។

    លោកបន្តទៀតថា៖ ” តែមើលទៅក្រុមមាន់ខ្នាយមាសមានឱកាសច្រើនជាងព្រោះថាគេជួបឧបសគ្គមុនៗច្រើនហើយ ។ យ៉ាងណាក៏ដោយសម្រាប់ខ្ញុំប្រសិនបើអ្នកណាជួបក្រុម Spurs ខ្ញុំចង់ឱ្យគេឈ្នះក្រុម Spurs ។ បើគេលេងជាមួយក្រុមហង្សក្រហម Liverpool ខ្ញុំចង់ឱ្យ Liverrpool ឈ្នះ ។ បើគេលេងជាមួយក្លិប Barcelona ខ្ញុំចង់ឱ្យ Messi បានរត់ព័ទ្ធពួកគេ ។ អញ្ចឹងជាដំបូងខ្ញុំត្រូវលើកទឹកចិត្តក្លិប Ajax ឱ្យឈ្នះសិន ” ។

    សូមជម្រាបជូនផងដែរថា តាំងពីពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ត្រូវបានបង្កើតឡើងមកក្លឹប Tottenham Hotspur ពុំដែលបានក្លាយជាជើងឯកឬពុំដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមមាន់ខ្នាយមាសហើយដែលអាចឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែសម្រាប់ក្រុម Arsenal វិញគេធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Champions League បានម្តងគត់ តែមិនបានក្លាយជាជើងឯកបាននោះទេ ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី