ក្រុមអ្នកបុរាណវិទ្យាបានរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

9702

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩ ថា ក្នុងគម្រោងស្រាវជ្រាវនៅប្រាសាទអកយំ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញខឿនប្រាសាទ ដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច ។

ប្រាសាទអកយំនៅផ្នែកខាងជើងកំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវ និងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច ។ បណ្ឌិតផ្នែកបុរាណវិទ្យាលោក ជា សុជាតិ ប្រធានគម្រោងនិងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថាក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿន ទី ១ ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទ និងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ ។

លទ្ធផលបឋមក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន ៣ មានសំណល់ខឿនក្រោមបង្អស់ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី ១១ នៃគ.ស ។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី ១០ ស.ម ទៅ ១៣០ ស.ម ។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ ។ បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែមដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀងនិងកម្រិតទឹកក្នុងបារាយណ៍ ។ ល។ រីឯនៅក្នុងរណ្ដៅចំនួន ៤ ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន ។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូងហើយ ក៏អាចប្រើទប់កុំឱ្យដីហូរច្រោះបើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់មានពណ៌ប្រផេះ និងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេបើទោះបីជាមានការរុករកខឿនទីមួយ ផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ ១៩៣២ និងឆ្នាំ ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សកទ្រូវេ) ក៏ដោយ ។ តាមរយៈការស្រាវជ្រាវជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជាសំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែឯកសារ ប្លង់់ចំនួន ៥៨ ផ្ទាំង និងរូបថតចំនួន ១៣៥ សន្លឹកដើម្បីជាឯកសារយោង ។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សកទ្រូវេ នៅពេលនោះគេអាចដឹងបានថាខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ ម៉ែត្របួនជ្រុង កម្ពស់ប្រវែង ២,៦០ ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ ២០១២ និងនៅឆ្នាំ ២០១៦ បានរំលេចឱ្យឃើញនូវទិន្នន័យថ្មីជាច្រើន បន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទ និងលើសអំពីអ្វីដែលលោក ហ្សកទ្រូវេ ធ្លាប់បានរកឃើញ ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច ។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះគឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ ។ គម្រោងស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី