
រដ្ឋាភិបាលប្រទេស ស្រីលង្កា បានសម្រេចផ្អាកឱ្យលែងដំណើរការកម្មវិធីបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាល ពីព្រឹកថ្ងៃ អាទិត្យ កន្លងទៅនេះ ។
មនុស្សជាង ២០០ នាក់ត្រូវបានបាត់បង់ជីវិត និងជាច្រើនរយនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅព្រះវិហារ រ៉ូម៉ាំងកាតូលិក និងសណ្ឋាគារធំៗប៉ុន្មានកន្លែង ។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Ruwan Wijewardene បានសង្កត់ធ្ងន់ថាការបំផ្ទុះនេះបង្កឡើងដោយក្រុមជ្រុលនិយមសាសនា ។ ដើម្បីបញ្ចៀសការចែកចាយព័ត៌មានមិនពិតទាក់ទិននឹងការវាយប្រហារដ៏ធ្ងន់ធ្ងរខាងលើរដ្ឋាភិបាលស្រីលង្កាក៏សម្រេចផ្អាកលែងឱ្យដំណើរការកម្មវិធីបណ្តាញសង្គមធំៗមួយចំនួន ។ នេះបើយោងតាមការការបញ្ជាក់របស់រដ្ឋលេខាធិការលោក Udaya Seneviratne ប្រាប់ទៅកាសែត New York Times ។
តាមការឆ្លើយតបពីពលរដ្ឋប្រចាំតំបន់សម្រាប់កម្មវិធី WhatsApp និង Facebook មិនអាចប្រើប្រាស់បាននោះទេពោលគឺអ្នកប្រើប្រាស់អាចភ្ជាប់ការទាក់ទងគ្នាតែតាមរយៈសារ SMS ឬក្នុង Twitter តែប៉ុណ្ណោះ ៕
ដោយ៖ រ៉ាយូ