គ្រូវិសាខា បញ្ជាក់ថា ក្រុម EDC ការពារច្រើនជាងប្រយុទ្ធ ទើបធ្វើឱ្យក្រុមរបស់លោកពិបាកលេង

44296
  • គ្រូបង្វឹកក្លឹបបាល់ទាត់ វិសាខា លោក ហុក សុជីវ័ន និយាយថា ក្រុមអគ្គីសនីកម្ពុជា លេងការពារច្រើនជាងប្រយុទ្ធ ទើបធ្វើឱ្យ ក្រុមលោកពិបាកលេង ការថ្លែងបែបនេះក្រោយ ក្រុមម្ចាស់វិសាខា យកឈ្នះ អគ្គីសនីកម្ពុជា ៤:០ ក្នុងការប្រកួតសន្សំពិន្ទុ នៅសប្ដាហ៍ទី ៤ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានវិសាខា កាលពីចុងសប្ដាហ៍កន្លងទៅ ។

    គ្រូបង្វឹកក្លឹបវិសាខា លោក ហុក សុជីវ័ន បានលើកឡើងថា៖ ” តង់ទី១ យើងមានឱកាសច្រើន ប៉ុន្តែមិនទទួលបានលទ្ធផល ដោយសារទម្រង់លេងរបស់ ក្រុមអគ្គីសនីកម្ពុជា ស្ទើរទាំងអស់ចុះមកការពារ ទុកតែម្នាក់សម្រាប់ប្រយុទ្ធ ដូច្នេះហើយទើបធ្វើយើងពិបាកលេង ។ ម្យ៉ាងទៀតតង់ទី១ ក្រុមទាំង ២ ពេញកម្លាំងដូចគ្នា ” ។ តែយ៉ាងណាលោកនៅតែពេញចិត្ត ចំពោះការសហការរបស់កូនក្រុម រហូតទទួលបាន ៣ ពិន្ទុបន្ថែម ក្នុងសប្ដាហ៍ទី ៤ នេះ ។ ដោយឡែកគ្រូក្លឹប អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបជាមួយក្រុមខ្លាំងវិសាខា លោកចង់បានត្រឹមតែស្មើរ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុក ពីព្រោះបន្ទាប់ពីសម្រាកចូលឆ្នាំកម្លាំងមួយចំនួនមានការបាត់បង់ ម្យ៉ាងទៀតក្រុម វិសាខា ជាក្រុមមួយខ្លាំង ហើយមានកីឡាករបរទេសច្រើន ។

    សូមបញ្ជាក់ផងដែរថា ៤ គ្រាប់របស់ក្រុម វិសាខា រកបានដោយកីឡាករ Pak Song Chol , ទិត្យ ឌីណា , Enavgelos និងកីឡាករ Ideguchi Masaaki ។ លទ្ធផលនេះបានធ្វើឲ្យក្លឹប វិសាខា ឈរលេខ ៣ ដដែល មាន ១០ ពិន្ទុ ស្មើ ក្រុមលេខ ២ ក្រសួងការពារជាតិ ដោយ ៤ ប្រកួត ឈ្នះ ៣ និងស្មើ ១ មិនទាន់ស្គាល់ចាញ់គ្នាដូចគ្នា តាមពីក្រោមក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ចំនួន ២ ពិន្ទុ ។ ចំណែកឯក្រុមអគ្គិសនីកម្ពុជា មាន ៦ពិន្ទុ ឈរលេខរៀងទី ៨ ដោយ ៤ ប្រកួត ឈ្នះ ២ និង ចាញ់ ២ ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី